Salah ចង់ក្លាយជាកីឡាករបន្ទាប់ពី George Weah ឈ្នះពាន Ballon d’Or ឆ្នាំនេះ
ខ្សែបម្រើប្រយុទ្ធ Mohamed Salah របស់ Liverpool ចង់ដើរតាមគន្លងរបស់លោក George Weah សញ្ជាតិលីបេរីយ៉ា ក្លាយជាកីឡាករអាហ្រ្វិកឈ្នះពាន Ballon d’Or ក្នុងឆ្នាំនេះ។
ពាន Ballon d’Or កាលពីឆ្នាំ២០២១ បានធ្លាក់ទៅលើដៃរបស់ខ្សែបម្រើប្រយុទ្ធ Lionel Messi ខណៈ Robert Lewandowski ស្ថិតនៅចំណាត់ថ្នាក់លេខ២ ហើយ Jorginho ឈរលេខ៣។ ចំពោះ Salah ពិតជាភ្ញាក់ផ្អើលពេលឃើញខ្លួនស្ថិតនៅចំណាត់ថ្នាក់លេខ៧ ប៉ុន្តែនៅចុងឆ្នាំនេះគេសង្ឃឹមខ្ពស់នឹងក្លាយជាកីឡាករអាហ្រ្វិកដំបូងបន្ទាប់ពីលោក George Weah ក្នុងការឈ្នះពាន Ballon d’Or។
ប្រាប់សារព័ត៌មាន L’Equipe កីឡាករសញ្ជាតិអេហ្ស៊ីបនិយាយថា៖ “ខ្ញុំចង់ឈ្នះវា (Ballon d’Or) ដើម្បីចូលរួមជាមួយ George Weah ដែលជាកីឡាករអាហ្រ្វិកតែម្នាក់គត់ធ្លាប់ឈ្នះកាលឆ្នាំ១៩៩៥។ វាជាការពិត ខ្ញុំភ្ញាក់ផ្អើលនូវចំណាត់ថ្នាក់របស់ខ្ញុំកាលពីឆ្នាំ២០២១(ជាប់លេខ៧)។ សម្រាប់ឆ្នាំនេះ ការបរាជ័យទល់នឹង Real Madrid ជាគុណវិបត្តិមួយ បើទោះបីជាខ្ញុំលេងបានល្អក្នុងវគ្គផ្ដាច់ព្រ័ត្រក៏ដោយ។ ហើយប្រសិនបើខ្ញុំមិនឈ្នះ Ballon d;Or ក្នុងឆ្នាំ២០២២នេះទេ ខ្ញុំនឹងធ្វើគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីឈ្នះវាពេលក្រោយ”។
រដូវកាល២០២១-២២ Salah បានជួយ Liverpool ឈ្នះពាន FA Cup និង League Cup តែរបូតពានធំៗ២គឺ Premier League និង Champions League។ គិតគ្រប់កម្មវិធីកាលពីរដូវកាលមុនកីឡាករវ័យ ២៩ឆ្នាំរកបាន៣១គ្រាប់ក្នុងការបង្ហាញខ្លួន៥១ប្រកួតឲ្យហង្សក្រហម៕
សូមបញ្ចេញមតិនៅទីនេះ