អ្នកនៅអាមេរិចចាំជួយចឹងតើ រតនៈ ពិសី មានលុយខ្ទង់៣០ម៉ឺនដុល្លារ បង្កើតអាជីវកម្ម
ភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ ខណៈដែលអ្នកសិល្បៈភាគច្រើន ថ្ងូរដូចព្រាបពីបញ្ហាសេដ្ឋកិច្ច តារាចម្រៀងសិចស៊ីកញ្ញា រតនៈ ពិសី បែរជាមានលទ្ធភាពបង្កើតមុខរបររកស៊ីបីកន្លែង ដែលប្រើទុនប្រមាណជិត៣០ម៉ឺនដុល្លារ។
ក្នុងសម័យកូវីត.១៩នេះចរន្តសេដ្ឋកិច្ចអ្នកសិល្បៈភាគច្រើនបានជួបបញ្ហាខ្លាំង រហូតមានអ្នកខ្លះដាច់ចំណូលទាំងស្រុងក៏មានដែរ ។ ប៉ុន្តែសម្រាប់តារាសិចស៊ីរាងតូចច្រឡឹង រតនៈ ពិសី មិនត្រឹមតែមិនជួបការខ្វះខាតនោះទេ គឺថែមទាំងមានលុយបង្កើតមុខរបររកស៊ីជាបន្តបន្ទាប់ ដោយត្រូវប្រើទុនរាប់សែនដុល្លារថែមទៀត។ ភាពមានបានខុសប្លែកពីតារាឯទៀតនេះដែរ ធ្វើឱ្យមានមតិខ្លះបានវាយតម្លៃថា រតនៈ ពិសី អាចនឹងមានអ្នកផ្តល់ទុននៅពីក្រោយ ទើបនាងមានអាចហក់លោតក្នុងវិស័យជំនួញ ខណៈតារាជាច្រើនរូបនៅទ្រឹង។
ផ្តល់បទសម្ភាសជាមួយ Lee News រតនៈ ពិសី បានឆ្លើយតបថា “ចា៎! បងមួយរយៈនេះខ្ញុំពិតជាបានបើកមុខរបររកសីបីកន្លែងពិតមែន គឺបើកហាងលក់ផលិតផលផ្នែកសម្រស់នាំចូលពីអាមេរិច មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវកោសដូង និងបើកហាង សាឡន និងម៉ាហ្សា ពីរជាប់គ្នានៅអូឡាំពិច ដែលសរុបទុនទាំងបីហាងនេះ គឺអស់ប្រមាណជិត៣០ម៉ឺនដុល្លារបង”។
កញ្ញាបន្តថា “ចំពោះព័ត៌មាននេះមានគេឆ្ងល់ថា ខ្ញុំមានលទ្ធភាពបើកហាងបីកន្លែងក្នុងពេលបញ្ហាជំងឺកូវីតមិនទាន់រ៥សាត់ឆ្ងាយនោះ មានអ្នកខ្លះនិយាយថា ខ្ញុំមានអ្នកជួយហើយ ទើបអាចទៅរួចយ៉ាងនឹង ចា៎! មិនខុសទេបង ខ្ញុំឯណាទៅមានលុយច្រើនដល់ថ្នាក់នឹងតែម្នាក់ឯង គឺមានបងម្នាក់រស់នៅសហរដ្ឋអាមេរិច គាត់បានរួមចំណែកដាក់ទុនជាមួយគ្នា ព្រោះគាត់ទុកចិត្តខ្ញុំ ពោលគឺយើងដូចជាបងប្អូនអីចឹង”។
ជាមួយគ្នានេះដែរ រតនៈ ពិសី មិនបានបញ្ជាក់ប្រាប់ពីចំនួនលុយនៃការចូលហ៊ុន ជាមួយដៃគូនៅអាមេរិចទេ ដោយនាងប្រាប់ថា “ចំណុចនេះខ្ញុំសុំមិនបង្ហាញទៅចុះ ព្រោះជាការងារផ្ទៃក្នុងរវាងខ្ញុំ និងគាត់”៕ អត្ថបទ ៖ តាន់ ចន្ថា
សូមបញ្ចេញមតិនៅទីនេះ