ឃើញចាយលុយច្រើនពេក! LaLiga ដាក់ពាក្យបណ្តឹងទៅ UEFA ប្រឆាំងនឹង PSG និង Man City
(បាល់ទាត់)៖ ប្រធានលីកកំពូលអេស្ប៉ាញ LaLiga បានដាក់ពាក្យប្តឹងទៅសហព័ន្ធបាល់អឺរ៉ុប UEFA ប្រឆាំងនឹង Paris St Germain និង Manchester City ជុំវិញការចោទប្រកាន់ថា មានការបំពានលើច្បាប់ Financial Fair Play។ នេះបើយោងតាមលីគបាល់ទាត់អាជីពរបស់អេស្ប៉ាញ បានប្រកាសកាលពីថ្ងៃពុធ។
លីកកំពូលអេស្ប៉ាញ បានអះអាងថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់បន្ថែមទៀត ចំពោះប្រព័ន្ធយុត្តិធម៌របស់សហភាពអឺរ៉ុប បារាំង និងស្វីស ដោយសារយល់ថា "ក្លឹបទាំងនេះកំពុងបន្តរំលោភលើបទប្បញ្ញត្តិបច្ចុប្បន្ន Financial Fair Play។
LaLiga បានបន្តថា ខ្លួនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Manchester City ទៅ UEFA ក្នុងខែមេសា មុនពេលដាក់ពាក្យប្តឹង PSG កាលពីសប្តាហ៍មុន។ បើតាមការបញ្ជាក់ LaLiga ក៏កំពុង "ពិចារណាពង្រីកការតវ៉ានោះ" ប្រឆាំងនឹង Man City ដោយសារតែ "ទិន្នន័យថ្មី" ដែលបានកើតឡើង។ ទោះបីជាសេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់ណាមួយក៏ដោយ ប៉ុន្តែម្ចាស់ជើងឯកអង់គ្លេស បានចុះហត្ថលេខាលើខ្សែប្រយុទ្ធន័រវេស Erling Haaland ពី Borussia Dortmund ក្នុងកិច្ចសន្យាមួយដែលត្រូវបានគេរាយការណ៍ថា អាចធ្វើឱ្យពួកគេចំណាយលើសពី 300 លានអឺរ៉ូ (313 លានដុល្លារអាមេរិក) រួមទាំងប្រាក់ខែ ថ្លៃភ្នាក់ងារ និងប្រាក់រង្វាន់ផងដែរ។
មិនតែប៉ុណ្ណោះប្រធាន LaLiga លោក Javier Tebas បាននិយាយកាលពីខែមុនថា ពួកយើងនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្លឹបបារាំង បន្ទាប់ពី Kylian Mbappe បដិសេធការផ្ទេរទៅ Real Madrid និងបន្តកិច្ចសន្យារបស់គេជាមួយ PSG រហូតដល់ឆ្នាំ 2025 ។ LaLiga បានប្រតិកម្មយ៉ាងខ្លាំង ចំពោះការបន្តកុងត្រារបស់ Mbappe ដោយនិយាយថា ការផ្តល់ជូនថ្មីរបស់ PSG ទៅកាន់ Mbappe "វាយប្រហារស្ថិរភាពសេដ្ឋកិច្ច" នៃបាល់ទាត់អឺរ៉ុប។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែល LaLiga បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង "ក្លឹបរបស់រដ្ឋ" PSG និង Manchester City ។ ក្នុងឆ្នាំ 2017 និង 2018 ខ្លួនក៏បានប្តឹងក្លឹបទាំងពីរផងដែរ ជុំវិញការបំពានច្បាប់ហិរញ្ញវត្ថុដោយយុត្តិធម៌ ដែលនាំឱ្យមានការដាក់ទណ្ឌកម្មដោយ UEFA ។ PSG ត្រូវបានគ្រប់គ្រងដោយ Qatar Sports Investments ដែលគ្រប់គ្រងដោយរដ្ឋ ខណៈដែល Man City ស្ថិតនៅក្រោមការកាន់កាប់របស់ Abu Dhabi៕
សូមបញ្ចេញមតិនៅទីនេះ