តារាសម្តែង អ៊ីងអ៊ីង ទម្លាយខ្ទិចរឿងស្នេហាខ្លួន ដែលជួបព្យុះភ្លៀង
ភ្នំពេញ ៖ តារាសម្តែងសាច់សខ្ចី អ៊ីងអ៊ីង ធ្លាប់បានទទួលស្គាល់ថា ខ្លួនកំពុងមើលចិត្តថ្លើមគ្នាជាមួយបុរសម្នាក់ ប៉ុន្តែនាងមិនធ្លាប់បានបង្ហាញរូបភាពគូស្នេហ៍ខ្លួនជាសាធារណៈទេ ទើបតែថ្មីៗនេះនាងបានចងក្រងជាវីដេអូ រៀបរាប់ពីចំណងស្នេហ៍ខ្លួនយ៉ាងផ្អែមល្ហែម ដើម្បីកុំឱ្យបុរសមួយចំនួន តាមរំខាននាងទៀត ។
សារដែលតារាសម្តែងសាច់សខ្ចី កូនកាត់ ចិន កញ្ញា អ៊ីងអ៊ីង បានសរសេរដ៏វែងអន្លាយនោះមានខ្លឹមសារថា « នៅលើលោកនេះអ្នកដែលថាមិនមានជីវិតគូរនោះ មានតែមួយជីវិតអ្នកអត់គូស្នេហ៍ទើបយល់អារម្មណ៍មួយនេះ ជីវិតគូវាមិនងាយស្រួលទេ ពីមនុស្សដែលមិនធ្លាប់ស្គាល់គ្នាជានរណា មកក្លាយជាមនុស្សសំខាន់សម្រាប់ជីវិតយើងទាំងពីរ ដែលអត់គ្នាលែងបាន មិនដឹងចាប់ពីពេលណា បងសំខាន់ខ្លាំងសំរាប់ជីវិតអូន ស្នេហាមួយដែលចាប់ផ្តើមមិនងាយស្រួលទេ គឺពោពេញដោយទឹកភ្នែក ការមើលងាយពីគ្រប់គ្នា មិនថាយើងជួបឧបសគ្គយ៉ាងណា យើងមិនដែលខ្វល់សម្តីអ្នកដទៃនោះទេ យើងនៅតែតស៊ូមិនបោះបង់គ្នាឡើយ ទើបយើងមានថ្ងៃនេះ អរគុណបងដែលព្រមចូលជីវិតអូន បំពេញអ្វីដែលអូនខ្វះខាត ភាពកក់ក្តៅ ធ្វើជាមនុស្សប្រុសល្អ មានការជឿជាក់ឲ្យអូនមានអារម្មណ៍សុវត្ថិភាពពេលបានបងជាគូរជីវិត ស្រលាញ់អូនជាអូន ទុកអូនជាមនុស្សសំខាន់តែម្នាក់គត់ គូស្នេហ៍ណាដែលថាមិនឈ្លោះគ្នា ឈ្លោះត្រូវៗ តែមិនទៅចោលគ្នាទើបជាស្នេហាពិត ក៏ធ្លាប់ហត់ខ្លាំងចង់បែកម្តងៗ តែគ្រាន់តែគិតក៏យំប្រាប់ថាមិនអាចខ្វះគ្នាទៅហើយ បងថា ចង់ឃើញអូនសប្បាយ អូនសប្បាយចិត្តទើបបងមានក្តីសុខ អូនក៏ចង់ធ្វើជាមនុស្សស្រីដែលអាចធ្វើឲ្យបងមានក្តីសុខបំផុតក្នុងលោកនេះ បើថ្ងៃណាយើងហត់យើងសាកថ្មឲ្យគ្នាហើយដើរបន្តណាបង អរគុណបងដែលទុកអូនមនុស្សសំខាន់ជានិច្ច អរគុណដែលបានស្រលាញ់ម្នាក់ស្រីនេះ អរគុណដែលក្បែរអូនគ្រប់ទីកន្លែង អូនត្រូវការបង ព្រោះអូនស្រលាញ់បង » ។
នេះជាលើកដំបូងហើយដែលតារាសម្តែង អ៊ីងអ៊ីង ក្លាហានក្នុងការបើកទំលាយចំណងស្នេហ៍ខ្លួន រួមជាមួយរូបភាពដ៏ផ្អែមល្ហែមដែលអ្នកទាំងពីរបានសាងអនុស្សាវរីយ៍ និងគ្នា ។
បើតាមអ្នកស្គាល់គ្នាជាមួយ អ៊ីងអ៊ីង បានប្រាប់ថា អ៊ីងអ៊ីង ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ខ្លួន ព្រោះតែមិនចង់ឱ្យបុរសមួយចំនួនតាមរំខាននាងទៀត ដូចដឹងស្រាប់ហើយថា អ៊ីងអ៊ីង ជាស្រីស្អាតសប្បូរស្នេហ៍ មានបុរសជាច្រើនប្រាថ្នាចង់បាននាងជាគូ ។
កន្លងមក អ៊ីងអ៊ីង ជួបស្នេហ៍មិនសមបំណងម្តងរួចមកហើយ នាងសង្ឃឹមថាការជ្រើសរើសរបស់ខ្លួនលើកនេះមិនខុសដូចលើកមុខ ៕ អាលីហ្សា
សូមបញ្ចេញមតិនៅទីនេះ