Inter Milan កំពុងពិភាក្សាយកខ្សែប្រយុទ្ធ Romelu Lukaku និង Paulo Dybala
នាយកប្រតិបត្តិក្លឹប Inter Milan លោក Giuseppe Marotta បានគូសបញ្ជាក់ថា ពួកគេកំពុងពិភាក្សាគ្នា ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Romelu Lukaku របស់ Chelsea និងខ្សែប្រយុទ្ធ Paulo Dybala របស់ Juventus ។
BBC Sport បានរាយការណ៍ថា Lukaku នឹងកាត់បន្ថយប្រាក់ខែរបស់ខ្លួន ដើម្បីចូលរួមជាមួយ Inter វិញក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីការផ្ទេររបស់ខ្លួនក្នុងតម្លៃ 97.5 លានផោន កាលពីរដូវក្តៅមុន។
លោក Giuseppe Marotta បានបញ្ជាក់ថា "Lukaku និង Dybala គឺជាគោលដៅរបស់យើង ហើយយើងត្រូវពិចារណាលើបញ្ហាហិរញ្ញវត្ថុ។ យើងកំពុងពិភាក្សាជាមួយកីឡាករទាំងពីរនេះ ហើយ យើងនឹងសប្បាយចិត្ត ប្រសិនបើយើងចុះហត្ថលេខាលើពួកគេ"។
លោកបានបន្ថែមថា "ក្លឹបមានកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Henrikh Mkhitaryan របស់ Roma និងអ្នកចាំទី Andre Onana សញ្ជាតិកាមេរូន ពី Ajax "។
គួររំឡឹកថា កីឡាករអន្តរជាតិបែលហ្សិក Lukaku ស៊ុតបញ្ចូលទីបាន 15 គ្រាប់នៅគ្រប់ការប្រកួតទាំងអស់ សម្រាប់ក្រុមតោខៀវកាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន 8 គ្រាប់ ក្នុង 26 ប្រកួតនៅ Premier League ។ យ៉ាងណាមិញ កីឡាកររូបនេះ ក៏បានសុំទោសសម្រាប់ការសម្ភាសន៍ក្នុងរដូវកាលមុន ដែលគេបាននិយាយថា មិនសប្បាយចិត្តនឹងតួនាទីរបស់ខ្លួន ក្រោមអ្នកចាត់ការ Thomas Tuchel ហើយចង់ត្រលប់ទៅ Inter វិញក្នុងពេលដ៏ខ្លីខាងមុខនេះ។
ចំណែកកីឡាករអន្តរជាតិអាហ្សង់ទីន Dybala វ័យ 28 ឆ្នាំត្រូវបានកំណត់ថា ជាការផ្ទេរដោយគ្មាន តម្លៃខ្លួននៅពេលដែលកិច្ចសន្យារបស់គេជាមួយសេះបង្កង់ Juventus ផុតកំណត់នៅចុងខែនេះ។
គួរបញ្ជាក់ថា Inter Millan បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន ដោយតាមពីក្រោយគូប្រជែងក្នុងទីក្រុង AC Milan ចំនួន 2 ពិន្ទុ៕
សូមបញ្ចេញមតិនៅទីនេះ