ខានហោះហើរយូរឆ្នាំហើយ អ្នកនាង ខាត់ សុឃីម ត្រៀមប្រាក់រាប់ម៉ឺនដុល្លារ ទៅដើរកម្សាន្តនៅ អាមេរិក ទាំងគ្រួសារ !
ភ្នំពេញ ៖ ម្តងនេះអ្នកនាង ខាត់ សុឃីម លេងឈុតធំមិនធម្មតាទេ ព្រោះមានគម្រោងនឹងចេញទៅដើរកម្សាន្ត នៅ សហរដ្ឋអាមេរិក ទាំងគ្រួសារតែម្តង ជាក់ស្តែង នៅព្រឹកថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២២ នេះ អ្នកនាងនិងគ្រួសារទទួលបានទិដ្ឋការចេញទៅកម្សាន្តនៅទីនោះតាមគម្រោងដែលខ្លួនបានគ្រោងទុក ។
ម្តាយរបស់ អ្នកនាង ខាត់ សុឃីម ទើបចេញទៅ អាមេរិក មិនបានប៉ុន្មានផង ស្រាប់តែពេលនេះ អ្នកនាង ខាត់ សុឃីម និងគ្រួសារ ត្រៀមខ្លួនទៅ អាមេរិក ទាំងអស់គ្នាតែម្តង ។ អ្នកនាង ខាត់ សុឃីម បានប្រាប់ថា អ្នកនាងពិតជាត្រូវចេញទៅ សហរដ្ឋអាមេរិក មែន តាមគម្រោងចង់ទៅឆាប់ៗ តែដោយសារកូនប្រុសច្បងជាប់ប្រលង ក៏ប្តូរហោះហើរនៅក្នុងខែ សីហា វិញ ដើម្បីបានដើរលេងជុំគ្រួសារតែម្តង ។
អ្នកនាង ខាត់ សុឃីម មិនខ្វល់ក្នុងការចំណាយសម្រាប់គ្រួសារចេញទៅកម្សាន្តលើកនេះទេ ដោយសារនៅ សហរដ្ឋអាមេរិក មានប្អូនស្រីអ្នកនាងនៅទីនោះស្រាប់យ៉ាងច្រើនអ្នកនាងត្រៀមប្រាក់ខ្ទង់ម៉ឺនដុល្លារគឺគ្រប់គ្រាន់ហើយ ។ សិល្បករជាច្រើននៅពេលឃើញអ្នកនាង ខាត់ សុឃីម បង្ហាញក្តីរីករាយជាមួយគម្រោងការចេញទៅកម្សាន្តទ្រង់ទ្រាយធំបែបនេះ ម្នាក់ៗបានជូនពរនាងមានក្តីសុខ និងមានសុភមង្គលក្នុងគ្រួសារ ។
គួររំលឹកផងដែរថា អ្នកនាង ខាត់ សុឃីម ជាតារាចម្រៀងសម័យ បុរាណ និងជាអ្នកច្រៀងកាត់សក់ការ ដ៏មានប្រជាប្រិយភាព ទោះបីជាកន្លងមកអ្នកនាងជួបនូវបំណុលរាប់ម៉ឺនដុល្លារ តែអ្នកនាងបានព្យាយាមដោះស្រាយដោយខ្លួនឯង រហូតមានជីវភាពល្អប្រសើរឡើង ចុងក្រោយនេះអ្នកនាងបានងាក មកបើកលក់ផលិតផលថែរក្សាសម្រស់ និងលក់ដីឡូតិ៍ ជាដើម ... ធ្វើឱ្យនាងទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន ដូច្នេះហើយទើបអ្នកនាង ហ៊ានចំណាយទាំងគ្រួសារចេញទៅដើរកម្សាន្តនៅប្រទេសធំ បែបនេះ ៕
សូមបញ្ចេញមតិនៅទីនេះ