លើសពីមិត្តរួមក្រុម Salah ផ្ញើសារលាទៅកាន់ Mane ក្រោយទៅចូលរួមជាមួយ Bayern
ខ្សែបម្រើប្រយុទ្ធ Mo Salah បានបង្ហោះសារលាទៅកាន់មិត្តរូមក្រុម Sadio Mane បន្ទាប់ពីសម្រេចចិត្តទៅចូលរួមជាមួយក្រុមយក្សអាល្លឺម៉ង់ Bayern Munich។
កីឡាករសញ្ជាតិសេណេហ្គាល់វ័យ៣០ឆ្នាំ បានបំពេញការផ្ទេរក្នុងតម្លៃខ្លួន៣៥លានផោនទៅកាន់ Bayern កាលពីយប់មិញ។ គេបានចុះកុងត្រារយៈពេល៣ឆ្នាំនៅកីឡដ្ឋាន Allianz Arena ដែលជាកន្លែងដែលគេត្រូវជួយ Bayern បន្តការគ្រប់គ្រងភាពខ្លាំងនៅ Bundesliga។
ការចាកចេញរបស់ Mane ធ្វើឲ្យ Salah បាត់ដៃគូប្រយុទ្ធនិងមិត្តភ័ក្ដិដ៏ល្អរបស់ខ្លួន។ កីឡាករសញ្ជាតិអេហ្ស៊ីបដែលបច្ចុប្បន្នកំពុងសម្រាកលំហែកាយបានបង្ហោះសារលាមួយលើបណ្ដាញសង្គម ភ្ជាប់ជាមួយរូបថត៤សន្លឹកជាមួយ Mane អនុស្សាវរីយ៍ធ្លាប់លេងជាមួយគ្នាជាច្រើនឆ្នាំ។
សារនោះ Salah បានសរសេរថា៖ “វាជាការរួមដំណើរជាមួយគ្នាដ៏លឿន។ អរគុណសម្រាប់ពេលវេលាល្អទាំងអស់ ហើយខ្ញុំសូមជូនពរឯងទទួលបានអ្វីដែលល្អក្នុងដំណើរជីវិតថ្មី។ អ្នកនឹងត្រូវបាននឹកដោយពួកយើងទាំងអស់គ្នា”។
គួរបញ្ជាក់ថា ការលេងជាមួយគ្នារយៈពេល៥ឆ្នាំ ពួកគេបានជួយ Liverpool ឈ្នះពាន Premier League, FA Cup, League Cup, Champions League, Club World Cup និង Super Cup៕
សូមបញ្ចេញមតិនៅទីនេះ