សុក្រ , 24 មិថុនា 2022
តើវាសនា Neymar ទៅជាយ៉ាងណា ក្រោយ PSG ពិចារណាដកអាវលេខ ១០ អោយ Messi
កាលពីពេលថ្មីៗនេះ ក្រុមថ្នាក់ដឹកនាំរបស់ក្លិប PSG កំពុងពិចារណាដកអាវលេខ ១០ ពីកីឡាករ Neymar ទៅឲ្យកីឡាករ Leo Messi ពាក់វិញនៅរដូវកាលក្រោយ។ ព្រោះថា Messi គឺជាកីឡាករដ៏សំខាន់ដែលស្ថិតក្នុងគម្រោងរបស់ក្លិបនៅរដូវកាលក្រោយ ហើយក្លិប PSG ចង់ប្រគល់លេខ១០នេះទៅឲ្យ Leo Messi គឺដើម្បីឲ្យគាត់មានអារម្មណ៍ជឿជាក់លើខ្លួនឯងក្នុងការលេង។
ដោយមើលឃើញពីស្ថានភាពនេះហើយ ទើបធ្វើអោយអ្នកគាំទ្រជាច្រើន មានការព្រួយបារម្មណ៍ពីអានាគត់របស់កីឡាករពូកែលេង Skill សញ្ជាតិប្រេស៊ីល Neymar da Silva Santos Júnior ថា កីឡាកររូបនេះ នឹងបន្តនៅក្លឹបដោយពាក់លេខផ្សេង ឬត្រូវរកទ្រនំថ្មី។
មែនទែនទៅ ប្រាក់ឈ្នួលរបស់ខ្សែបម្រើស្លាបវ័យ៣០ឆ្នាំរូបនេះ អាចជាបញ្ហាមួយ សម្រាប់ក្រុមរួចទៅហើយ ទោះបីជាគេធ្វើបានល្អ និងជួយក្រុមអោយឈ្នះពាន់ក្នុងលីកក៏ដោយ។ យ៉ាងណា មានមតិជាច្រើន បានយល់ស្របថា Paris Saint-Germain មានឆន្ទាក់ក្នុងការលក់ Neymar ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ប្រសិនបើមានក្លឹបណាអោយតម្លៃដល់។
ខ្សែប្រយុទ្ធរូបនេះបានមកដល់ទឹកដី Parc des Princes ក្នុងការផ្លាស់ប្តូរពី Barcelona ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ២២២លានអឺរ៉(១៩៦ លានផោន) ក្នុងឆ្នាំ 2018 ដែលជាការចំណាយយ៉ាងច្រើនរបស់ក្លឹប Ligue 1 ដើម្បីពង្រឹងតួនាទីរបស់ពួកគេ ក្នុងនាមជាក្លឹបដ៏ធំមួយនៅអឺរ៉ុប។
ប៉ុន្តែការបរាជ័យចុងក្រោយក្នុងពានរង្វាន់ Champions League និងការសម្រេចចិត្តរបស់ Kylian Mbappe ក្នុងការបន្តការស្នាក់នៅជាមួយក្លឹប មានន័យថា ក្រុមយក្សបារាំង នឹងពិចារណាចែកផ្លូវជាមួយកីឡាករវ័យ 30 ឆ្នាំរូបនេះ។ ជាពិសេស បន្ទាប់ពីយុទ្ធនាការ 2021-22 ដ៏ច្របូកច្របល់។
Neymar បានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ក្លឹប បន្ទាប់ពីការបរាជ័យក្នុងពានរង្វាន់កំពូលអឺរ៉ុប ដោយធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមស្នាដៃ ក្រុមម្ចាស់ជើងឯក Real Madrid។
ប្រសិនណាបើកីឡាករវ័យ៣០ឆ្នាំរូបនេះ ពិតជាចាកចេញមែននោះ មានតែក្លឹបពីរប៉ុណ្ណោះដែលសាកសមហ្នឹងរូបគេ ក្លឹបទាំងពីនោះរួមមានក្លឹបអ្នកមានបុណ្យ FC Barcelona និងបីសាចក្រហម Manchester United។
ជាការពិត ក្លឹបបីសាចក្រហម កំពុងត្រូវការកីឡាករថ្មីដើម្បីពង្រឹងក្លឹប ពីព្រោះគិតមកទល់ពេលនេះ ក្លឹបមិនទាន់ទិញបានកីឡាកររូបណាម្នាក់ឡើយ ស្របពេលដែលក្លឹបធំៗជាច្រើន បាននាំចូលកីឡាករថ្មី ដើម្បីព្រឹងក្រុមអោយកាន់តែខ្លាំង។
ដោយឡែក កីឡាករជាច្រើនបានចាកចេញពីក្លឹប តួងយ៉ាងដូចជាកីឡាករ Pogba, Matic និងកីឡាករជាច្រើនទៀត ដូច្នេះវាជាឪកាសដ៏ល្អសម្រាប់គេ ក្នុងការមកលេងក្នុងទឹកដីអង់គ្លេស ដែលពោពេញទៅដោយការប្រកួតប្រជែងនេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២១ Neymar ធ្លាប់បាននិយាយថា៖ "ខ្ញុំចង់លេងជាមួយ Cristiano Ronaldo។ ខ្ញុំបានលេងជាមួយកីឡាករល្អៗដូចជា Lionel Messi និង Kylian Mbappe ប៉ុន្តែខ្ញុំមិនទាន់បានលេងជាមួយ Cristiano Ronaldo នៅឡើយទេ"។ ត្រង់ចំណុចនេះ សបញ្ជាក់អោយឃើញថា វាជាឪកាសមួយសម្រាប់រូបគេក្នុងការលេងជាមួយ Ronaldo ស្របពេលដែលក្រុមបីសាចក្រហមកំពុងតែខ្វះកីឡាករផងនោះ។
ជម្រើសល្អមួយទៀត សម្រាប់ Naymar គឺក្រុមអ្នកមានបុណ្យ FC Barcelona ព្រោះថាបច្ឆុប្បន្ន ក្រុមនៅកាតាឡាន់មួយនេះ កំពុងស្វែងរកខ្សែបម្រើ ក៏ដូចជាខ្សែប្រយុទ្ធ ដើម្បីមកពង្រឹងក្រុមឡើងវិញ ដោយសារមួយរយះពេលចុងក្រោយនេះ ក្រុមហាក់ធ្វើមិនបានល្អនោះទេ ពោលគឺពួកគេបានបញ្ចប់រដូវកាលនេះ ដោយមិនបានឈ្នះពានអ្វីទាល់តែសោះ។
ម្យ៉ាងវិញទៀត ពេលនេះក្រុមអ្នកមានបុណ្យហាក់មិនអាចទិញ Robert Lewandowski ពី Bayern បានទេ ព្រោះក្រុមម្ចាស់ជើងឯកអាល្លឺម៉ងមួយនេះ ហាក់មិនចង់លក់ខ្សែប្រយុទ្ធរបស់ខ្លួននោះទេ។ ម្យ៉ាងវិញទៀត Naymar ធ្លាប់លេងនៅទឹកដីអេស្ប៉ាញស្រាប់ ដូច្នេះវាហាក់មានភាពងាយស្រួលក្នុងការលេង និងមិនពិបាកសម្របខ្លួន។ Naymar ធ្លាប់លេងអោយក្រុមអ្នកមានបុណ្យចំនួន ១៨៦ប្រកួត ស៊ុតបញ្ជូលទីបាន ១០៥គ្រាប់ និងបោះបាល់អោយមិត្តរួមក្រុមស៊ុត ៥៩គ្រាប់។
គួរបញ្ជាក់ថា ក្លឹបយក្សបារាំង PSG បានទិញ Naymar ពី Barcelona ក្នុងតម្លៃបំបែកកំណត់ត្រា ដោយសង្ឃឹមថា កីឡាកររូបនេះ អាចជួយក្លឹបលើកពាន UCL ប៉ុន្តែអ្វីៗហាក់ប្រែស្រលះពីការគិត បន្ទាប់ពីរួមរស់រយះពេល៦ឆ្នាំ កីឡាកររូបនេះ មិនអាចជួយក្លឹបឈ្នះ UCL បានឡើយ ដែលជាហេតុធ្វើអោយក្លឹបហាក់អស់ចិត្តពីកីឡាកររូបនេះ៕
សូមបញ្ចេញមតិនៅទីនេះ