សុក្រ , 24 មិថុនា 2022
អតីតតារាចម្រៀង ស្រី ណយ ក្ដៅចិត្តនឹងបុរសម្នាក់មានប្រពន្ធហើយ តែតាមមកចែចង់នាង
ភ្នំពេញ៖ អតីតតារាចម្រៀងស្រីគ្រាប់ពេជ្រនៅក្នុងផលិតកម្ម Bigman ស្រី ណយ កាលពីពេលថ្មីៗនេះ បានបង្ហាញអារម្មណ៍ខឹងក្រោធយ៉ាងខ្លាំងទៅកាន់បុរសម្នាក់ដែលបានឆាតមកផ្លែផ្កាសុំស្នេហ៍នាង ទាំងនាងបានស្គាល់រួចមកហើយថា បុរសម្នាក់នោះមានប្រពន្ធរួចហើយ ។
នៅក្នុងសារហ្វេសប៊ុករបស់ម្ចាស់បទ «មេអណ្ដើក» ខាងលើនេះ បានឱ្យដឹងថា បុរសដែលមានប្រពន្ធជាអ្នកលក់អនឡាញម្នាក់ ហើយក៏ជាម៉ូយធ្លាប់ជួយទិញឥវ៉ាន់គ្នាទៅវិញ ទៅមកនោះ បានសុំលេខទូរស័ព្ទ និង តេឡាក្រាម របស់នាងដោយយកលេសថាស្រួលបញ្ជារទិញឥវ៉ាន់ជាជាងប្រើហ្វេសប៊ុក ប៉ុន្តែក្រោយពីបានលេខ និង តេឡេក្រាម នាងហើយនោះ បែរជាឆាតមកសាសង បបួលចេញក្រៅ ដែលជាហេតុនាំឱ្យក្ដៅចិត្តយ៉ាងខ្លាំង ។
ស្រី ណយ ថែមទាំងបានសរសេរធ្ងន់យ៉ាងដូច្នេះថា «តាមពិតទៅខ្ញុំអត់ចង់ផុសរឿងម្នាក់ប្រុសនឹងទេ ព្រោះមិនចង់ផុសអីចឹងៗក្នុងអាខោន តែខ្ញុំដេកគិតហើយនៅតែហួសចិត្តពេក ហេតុអីមុខមាត់ស្អាតបាតហើយប្រពន្ធក៏ជាបុគ្គលល្បីក្នុងវិស័យអនឡាញម្នាក់ដែរ បើនិយាយពីសម្រស់ គឺកាន់តែស្អាត តែហេតុអីបានជាប្តីដើរឆាតធ្វើចរិកបែបនេះទៅវិញ...បើខ្ញុំចង់បំផ្លាញកិត្តិយសអ្នកឯងវិញ ខ្ញុំបង្ហាញមុខហើយមិនបាំងមុខអោយចឹងទេ បើប្រពន្ធបានឃើញដឹងតែគាំងនឹងចរិកប្តីនឹងហ្មង តែខ្ញុំមិនធ្វើព្រោះខ្ញុំមិនចង់បំផ្លាញក្តីសុខអ្នកណាឬប៉ះពល់អ្នកណាម្នាក់ទេ ព្រោះខ្ញុំសុំតែសុខទេរាល់ថ្ងៃនេះ តែបើតាមចិត្តខ្ញុំចង់ធ្វើវិញមនុស្សចរិកអន់ដូចអ្នកឯងដឹងតែល្បីកក្រើកពេញហ្វេកបុកហើយ..»។
អតីតតារាចម្រៀងស្រីរាងតូចច្រឡឹងខាងលើ បានបន្តថា «ប្តីចរិកអន់ៗដូចអ្នកឯងចឹងដូចមិនសមអោយខ្ញុំទុកមុខអោយសោះ គួរតែលាតត្រដាងអោយខ្មាសគេ ដឹងដល់ប្រពន្ធតើបានសមនឹងចរិកថោករបស់អ្នកឯង តែសំណាងហើយដែលខ្ញុំមិនចង់ ធ្វើព្រោះខ្ញុំមិនចង់បំផ្លាញគ្រួសារអ្នកណាទេ ហើយខ្ញុំក៏បានបើកប្លុកអ្នកឯងវិញដែរ បើចូលមើលហើយឃើញខ្ញុំផុស St (Status) មួយនេះហើយកែចរិកចេញផងទៅប្រូ មុខមាត់មើលទៅស្លូតបូតថ្លៃថ្នូរណាស់ មិនសមចរិកថោកចឹងសោះកុំចេះតែហ៊ានពេកអាមនុស្សរោគចិត្ត ប្រយ័ត្នអញដូរចិត្តដាក់អោយឃើញមុខផ្អើលអាឡូវហើយ» ។
គួរឱ្យដឹងផងដែរថា ក្រោយពីរំសាយផលិតកម្ម Bigman ស្រីណយ ក៏បានបញ្ចប់អាជីពជាតារាចម្រៀង ហើយបច្ចុប្បន្ននាងកំពុងប្រឡូកនៅក្នុងវិស័យលក់ផលិតសម្រស់លើអនឡាញ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ។ បើក្រឡេកទៅមើលសម្រស់របស់ស្រីតូចច្រឡឹងម្នាក់នេះ សង្កេតឃើញថា នាងនៅតែរក្សារាងឱ្យស្លីមស្អាតដដែល គ្រាន់តែការតុបតែងខ្លួនមានការខុសប្លែកពីមុន ពោលគឺពេលខ្លះសិចស៊ី និងស៊ីវិល័យខ្លាំងថែមទៀតផង ខណៈដែលកាលនៅជាតារាចម្រៀងនាង តែងខ្លួនតែបែបសុភាពៗប៉ុណ្ណោះ ៕
សូមបញ្ចេញមតិនៅទីនេះ