ពុធ , 29 មិថុនា 2022
តើនរណានឹងក្លាយជាប្រធានក្រុម Man Utd នៅឆ្នាំ 2022-23?
ក្រុមបិសាចក្រហម Manchester United បានប្រឈមមុខនឹងរដូវកាលដ៏អាក្រក់របស់ខ្លួនក្នុងរដូវកាលមុន ដោយត្រូវអវត្តមានពីពានរង្វាន់ UCL ដោយសារបញ្ចប់ត្រឹមចំណាត់ថ្នាក់លេង៦ នៅក្នុងតារាង Premier League ។
សំណួរមួយក្នុងចំណោមសំណួរជាច្រើន គឺថាតើកីឡាកររូបណា ដែលត្រូវបំពេញតួនាទីជាប្រធានក្រុម បន្ទាប់ពីខ្សែការពារ Harry Maguire ហាក់ត្រូវបានអ្នកចាត់ការថ្មីលោក Ten Hag ដកស្លាកជាប្រធានក្រុមរបស់គេ។
គួររំលឹកថា Harry Maguire ត្រូវបានប្រគល់ទំនួលខុសត្រូវនោះក្នុងរយៈពេលជាច្រើនខែ បន្ទាប់ពីបញ្ចប់ការផ្ទេរកំណត់ត្រារបស់លោក 80 លានផោន (98 លានដុល្លារ) ពី Leicester ក្នុងឆ្នាំ 2019 ប៉ុន្តែខ្សែការពារអន្តរជាតិអង់គ្លេសរូបនេះ ហាក់ធ្វើមិនសូវបានល្អនោះទេ ដោយបង្កើតកំហុសជាញឹកញប់កាលពីរដូវកាលមុន ហើយឥឡូវនេះអាចត្រូវបានដកស្លាកប្រធានក្រុមទៀតផង។
ដូច្នេះ ថាតើនរណាជាបេក្ខភាពប្រធានក្រុម Man Utd 2022-23?
មែនទែនទៅ Maguire នៅតែជាប្រធានក្រុម Man United បច្ចុប្បន្ននេះ ដោយអ្នកចាត់ការទូទៅលោក Ten Hag មិនទាន់បង្ហាញថា តើលោកនឹងធ្វើការផ្លាស់ប្តូរ ឬយ៉ាងណា។
កីឡាករ David de Gea បានបំពេញតួនាទីយ៉ាងល្អឱ្យ Man Utd ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលម្ចាស់ពានរង្វាន់ Ballon d'Or ប្រាំសម័យកាល Cristiano Ronaldo គឺជាជម្រើសដ៏ល្អក្នុងការផ្តល់នូវការបំផុសគំនិតដល់អ្នកជុំវិញខ្លួន។
ជិំវិញបញ្ហាដែលថាតើបិសាចក្រហមគួរតែដកតំណែងប្រធានក្រុមពី Maguire អតីតខ្សែការពាររបស់ United លោក Wes Brown បានប្រាប់ GOAL ថា៖«វាជាសំណួរដ៏ល្អមួយ។ ប្រសិនបើវាជាខ្ញុំ ខ្ញុំចង់ឱ្យគេត្រឡប់មកបង្ហាញអ្នកគ្រប់គ្នា និងបង្ហាញថាអ្នកទាំងអស់គ្នាខុស។ វាជារដូវកាលដ៏លំបាកសម្រាប់ Harry មានការប្រកួតមួយចំនួនដែលគាត់លេងមិនបានល្អ។ ខ្ញុំគិតថាមានការប្រកួតដែលក្រុមលេងមិនបានល្អ ហើយនៅទីបំផុត អ្នកចាត់ការទូទៅ និងប្រធានក្រុមត្រូវតែទទួលយកការស្ដីបន្ទោស។ Harry នឹងបង្ហាញថា អ្នករាល់គ្នាគិតខុស ព្រោះគាត់មានក្បាលល្អ គាត់មានបទពិសោធន៍»។
លោកបានសង្កត់ធ្ងន់ថា "ប្រសិនបើអ្នកនិយាយពីការជាប្រធានក្រុម ខ្ញុំអាចគិតតែមនុស្សបីនាក់ប៉ុណ្ណោះគឺ Harry, David de Gea និង Cristiano Ronaldo"។
ការជាប់គាំងជាមួយ Maguire គឺជាផ្លូវងាយស្រួលបំផុត ដើម្បីជៀសវាងការរំខានដល់កីឡាករសំខាន់ ដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងក្រុមផងដែរ។ ប៉ុន្តែប្រហែលជា Ten Hag ត្រូវរក្សា ខ្សែការពារកណ្តាល ដើម្បីជួយក្រុមទាំងមូល ព្រោះកីឡាករជាច្រើនបានចាកចេញក្នុងរដូវក្ដៅនេះ។
យ៉ាងណាមិញ Ten Hag ប្រហែលជាត្រូវប្រគុលតួនាទីជាប្រធានក្រុមឲ្យទៅ Ronaldo ហើយបញ្ចុះបញ្ចូលវីរបុរសព័រទុយហ្គាល់រូបនេះថា គេគឺជាតួអង្គដ៏សំខាន់ ចំពោះផែនការរបស់លោក។
ម្លេះហើយ Ronaldo អាចនឹងដឹកនាំយុគសម័យថ្មី សម្រាប់ Man United ដោយដើរតាមគន្លងរបស់ Eric Cantona ហើយ Ronaldo ត្រូវតែធានាថារូបគេត្រូវបានផ្តោតទាំងស្រុងលើក្រុមក្នុងឆ្នាំចុងក្រោយរបស់លោកនៅក្លឹប។
មនុស្សម្នាក់ទៀតដែល បីសាចក្រហមមិនអាចភ្លេចបាននោះគឺ David de Gea ដែលជាកីឡាករម្នាក់ស្រលាញ់ក្រុម ហើយជាកីឡាករចាស់វស្សានៅ Old Trafford។ ដូច្នេះរូបគេក៏មានភាគរយខ្ពស់ក្នុងការទទួលរាប់រងតួនាទីជាច្រធានក្រុមផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ