លោក Pep Guardiola ទំលាយមូលហេតុកីឡាករមួយចំនួនចង់ចេញពីក្លិប
អ្នកចាត់ការ Pep Guardiola បានយល់ហេតុផលកីឡាកររបស់ Manchester City មួយចំនួនចង់ចាកចេញពីក្រុម ដោយសារតែពួកគេចង់ស្វែងរកឱកាសលេងទៀងទាត់។
បន្ទាប់ពីខ្សែប្រយុទ្ធ Gabriel Jesus ផ្លាស់ចេញពី City ពេលនេះខ្សែបម្រើប្រយុទ្ធ Raheem Sterling កំពុងមានការទាក់ទងចង់បានពី Chelsea។ ជាមួយគ្នានេះដែរ ខ្សែការពារទាំងពីររូប Nathan Ake និង Oleksandr Zinchenko ក៏កំពុងរកផ្លូវទៅលេងក្លិបថ្មីដូចគ្នា។
ពាក់ព័ន្ធនឹងការចង់ចេញរបស់កីឡាករលោក Pep បានបញ្ជាក់ឲ្យដឹងថា រឿងដែលស្មុគស្មាញបំផុតក្នុងការគ្រប់គ្រងក្នុងក្រុមមួយគឺធ្វើឲ្យកីឡាករមិនបានលេងសប្បាយចិត្ត។ វាគ្មានដំណោះស្រាយទេ កីឡាករល្អៗចង់ចាកចេញពីក្រុម ដោយសារតែពួកគេចង់មានឱកាសលេង។ លោកចង់ឃើញកីឡាករសប្បាយចិត្ត តែប្រសិនបើនរណាម្នាក់មិនសប្បាយចិត្ត ពួកគេអាចចេញបាន។
គួរបញ្ជាក់ថា Jesus វ័យ២៥ឆ្នាំ បានផ្ទេរទៅ Arsenal ក្នុងតម្លៃខ្លួន៤៥លានផោន បន្ទាប់ពីមើលឃើញពេលវេលាលេងរបស់ខ្លួនកាន់តែមានកម្រិត ក្រោយការមកដល់របស់ Erling Haaland និង Julian Alvarez។ ចំណែក Sterling ពេលនេះកំពុងមានការចរចា និងចង់បានផ្លាស់ទៅលេងនៅកីឡដ្ឋាន Stamford Bridge៕
សូមបញ្ចេញមតិនៅទីនេះ