ឈប់ពីសិល្បៈ ១ ឆ្នាំ អតីតតារាសម្តែង ស៊ីម ស្រីនិច បង្ហោះសារប្លែកៗហាក់ដូចជាមានរឿងស្នេហា មិនសមបំណង !
ភ្នំពេញ ៖ អតីតតារាសម្តែង ស៊ីម ស្រីនិច បានបោះបង់អាជីពសិល្បៈចោលមួយឆ្នាំហើយ ក្រោយពីសាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈបាន ៦ ឆ្នាំ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងពេលនេះគឺនាងតែងតែបង្ហើរអារម្មណ៍មិនសប្បាយចិត្តហាក់ដូចជាមានបញ្ហាអ្វីកើតឡើងចំពោះខ្លួន ជាពិសេសតាមរយៈសំណេរ ថ្មីមួយដែលនាងទើបបង្ហោះកាលពីម្សិលមិញ មើលទៅដូចជាស្នេហានាងកំពុងមានបញ្ហា ។
ខ្លឹមសារនៅក្នុងសំណេរដែលអតីតតារាសម្តែង ស៊ីម ស្រីនិច បានបង្ហោះនោះបានរៀបរាប់ថា « សូមអោយការស្រលាញ់រវាងខ្ញុំនឹងបងជឿទុកចិត្តគ្នាដោយភក្តីភាព នឹងភាពត្រឹមត្រូវមួយ នៅឆ្ងាយពីគ្នាយូរប៉ុណ្ណា រឺបែបណាក៍ខ្ញុំមិនដែលភ្លេចម៉ោងបងញុំាបាយនឹងម៉ោងបងសម្រាកដែរ សង្ឃឹមបងនឹងមានចិត្តអាណិតមេត្តាដល់ស្នេហាមួយនេះដោយការទុកចិត្តខ្ពស់បំផុត ដូចដែលខ្ញុំមានចំពោះបង មិនឧស្សាហ៍ផុសរូបមិនមែនឈប់ស្រលាញ់រឺចិត្តងាករ៉េទេ ខ្ញុំបានជួបរឿងយ៉ាងច្រើនអោយខ្ញុំទទួលបានបទពិសោធន៍យ៉ាងច្រើនដូចគ្នាកន្លងមក គ្រប់រឿងដែលឆ្លងកាត់ធ្វើអោយខ្ញុំលែងចេះនិយាយស្តីច្រើនទៅអ្នកណាដូចមុនតែប៉ុណ្ណោះ ស្រលាញ់ហើយគោរព » ។
ទោះបីជាខ្លឹមសារបង្កប់ទៅដោយរឿងអ្វីក៏ដោយ សម្រាប់មិត្តរួមអាជីពបានផ្ញើសារជូនពរនាងមាន សុភមង្គល ។
អតីតតារាសម្តែង ស៊ីម ស្រីនិច សុំមិននិយាយអ្វីទាក់ទងទៅរឿងជីវិតរបស់ខ្លួន ពីព្រោះនាងបានប្រកាសឈប់ពីសិល្បៈតាំងពីឆ្នាំមុនមកម្ល៉េះ ដូច្នេះពេលនេះនាងសុំប្រើជីវិតឯកជន រស់នៅធម្មតា ។
តាំងពីប្រកាសឈប់ពីសិល្បៈ ស៊ីម ស្រីនិច កម្រលេចមុខក្នុងកម្មវិធីជួបជុំមិត្តសិល្បករណាស់ ខុសប្លែកសិល្បករផ្សេង ទោះបីជាពួកគេឈប់ពីសិល្បៈ តែពួកគេតែងតែជួបគ្នានៅក្នុងពិធីនានា ។ ស៊ីម ស្រីនិច មិនមានបំណងនឹងវិលត្រឡប់មកកាន់វិស័យសិល្បៈវិញដែរនៅក្នុងពេលនេះ ពីព្រោះនាងជីវិតនាងរស់ នៅសុខស្រួលហើយ មិនខ្វល់ពីរឿងអស់ប្រាក់ចាយនោះទេ ៕
សូមបញ្ចេញមតិនៅទីនេះ