ផ្លូវការ៖ Arsenal បញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Gabriel Jesus
ក្រុមកាំភ្លើងធំ Arsenal បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Gabriel Jesus ពី ក្លិបមេឃខៀវ Manchester City ជាមួយនឹងតម្លៃខ្លួនផ្ទេរ ៤៥លានអឺរ៉ូ។
យោងតាមការចេញផ្សាយរបស់ Goal រាយការណ៍ថា ការផ្ទេរនេះមានតម្លៃខ្លួន ៤៥លានអឺរ៉ូ ជាមួយនឹងកុងត្រារយៈពេល៥ឆ្នាំជាមួយក្រុមកាំភ្លើងធំ ពោលគឺដល់ឆ្នាំ២០២៧។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះ ជាខ្សែប្រយុទ្ធដ៏លេចធ្លោមួយនៅក្នុងក្របខ័ណ្ឌ Premier League ក្នុងរដូវកាលថ្មីៗនេះ។ គេបានរកគ្រាប់បាល់ចំនួន ៩៥ គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ២៣៦ ប្រកួត ក្នុងរយះពេលប្រាំរដូវកាលនៅ Man City និងបានឈ្នះជើងឯក Premier League បួនដង រួមជាមួយ FA Cup និង League Cup បីដង។
ក្នុងក្រុមជម្រើសជាតិវិញ យុវជនរូបនេះ បានបង្ហាញខ្លួន ៥៦ ប្រកួត សម្រាប់ក្រុមសាំបាប្រេស៊ីល និងស៊ុតបញ្ចូលទីបាន ១៩គ្រាប់ ចាប់តាំងពីការបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងនៅក្នុងខែកញ្ញា ២០១៦ និង ជាសមាជិកដ៏សំខាន់ដែលជួយឲ្យក្រុមឈ្នះពានរង្វាន់ Copa America ក្នុងឆ្នាំ ២០១៩។ មិនតែប៉ុណ្ណោះ គេក៏បានឈ្នះមេដាយមាសនៅក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុង Rio ឆ្នាំ ២០១៦ ផងដែរ។
ជុំវិញការផ្ទេរនេះ អ្នកចាត់ការទូទៅលោក Mikel Arteta បាននិយាយថា “ខ្ញុំពិតជារំភើបណាស់។ ក្លឹបបានធ្វើការងារដ៏អស្ចារ្យមួយក្នុងការជ្រើសរើសកីឡាករដែលមានល្អនេះ។ ខ្ញុំស្គាល់ Gabriel ជាយូរមកហើយ ហើយយើងទាំងអស់គ្នាស្គាល់គេច្បាស់តាំងពីគេនៅ Premier Leagueជាមួយ Man City ហើយគាត់ពិតជាទទួលបានជោគជ័យនៅទីនោះ ដូច្នេះខ្ញុំពិតជារីករាយណាស់”។
គួរបញ្ជាក់ថា Gabriel នឹងពាក់អាវលេខ៩ សម្រាប់ក្រុមកាំភ្លើងធំ ហើយនឹងចាប់ផ្ដើម ហ្វឹកហាត់មុនបើករដូវកាលឆាប់ៗនេះ៕
សូមបញ្ចេញមតិនៅទីនេះ