ក្លិបមេឃខៀវ សម្រេចទិញយក Kalvin Phillips ពី Leeds United ជាផ្លូវការ
ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស Premier League ក្លិបមេឃខៀវ Manchester City បានចេញសេចក្តីប្រកាសផ្លូវការអំពីការចុះកិច្ចសន្យានាំយកខ្សែបម្រើការពារសញ្ជាតិអង់គ្លេស កីឡាករ Kalvin Phillips ពីក្លិប Leeds United ក្នុងតម្លៃខ្លួន ៤២លានផោន។
ខ្សែបម្រើការពារជម្រើសជាតិអង់គ្លេស កីឡាករ Kalvin Phillips បានសម្រេចចុះកិច្ចសន្យាថ្មីជាមួយនឹងក្លិបដែលមានមូលដ្ឋាននៅទីក្រុង Manchester រហូតទៅដល់ឆ្នាំ២០២៨ ដែលជាកិច្ចសន្យារយៈពេលវែងមួយរបស់កីឡាករវ័យ២៦ឆ្នាំរូបនេះ។
គួរឱ្យដឹងផងដែរថា Phillips គឺជាអ្នកគាំទ្ររបស់ Leeds United តាំងតែពីកុមារភាព និងបានចូលរួមជាមួយក្រុមឈុតតូចរបស់ Leeds United កាលពីឆ្នាំ ២០១០ ក្នុងវ័យ ១៥ឆ្នាំ បន្ទាប់មករូបគេបានវិវត្តន៍ខ្លួនឡើងមកបង្ហាញខ្លួននៅឈុតធំនៅឆ្នាំ២០១៥។ កីឡាករវ័យ២៦ឆ្នាំ សញ្ជាតិអង់គ្លេសរូបនេះ បានរួមចំណែកជួយ Leeds United បង្ហាញវត្តមាននៅលីគកំពូលអង់គ្លេស Premier League ២ឆ្នាំចុងក្រោយនេះ និងជាចំណែកមួយដែលធ្វើឱ្យ Leeds បង្ហាញទម្រង់លេងដ៏គួរឱ្យកត់សម្គាល់។
លើសពីនេះទៀតផងដែរ រូបគេបានរកគ្រាប់បាល់ និង បញ្ចូនឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី បានចំនួន ១៣គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ២៣២ប្រកួតជាមួយនឹង Leeds United ក្នុងនាមជាខ្សែរបម្រើការពារ។ បន្ទាប់ពីរួមរស់អស់រយៈពេល ១២ឆ្នាំជាមួយក្លិប រូបគេក៏សម្រេចចិត្តចែកផ្លូវគ្នាជាមួយនឹង Leeds United ដោយចូលរួមជាមួយ Manchester City ជាផ្លូវការ។
គួរបញ្ជាក់ថា Kalvin Phillips បានក្លាយជាកីឡាករចុងក្រោយគេ ដែលមកចូលរួមជាមួយនឹងក្លឹបមេឃខៀវ Manchester City នៅក្នុងរដូវកាលនេះ បន្ទាប់ពីការចាកចេញរបស់ខ្សែបម្រើការពារជើងចាស់ Fernandinho និង Gabriel Jesus៕
សូមបញ្ចេញមតិនៅទីនេះ