យុទ្ធនាការរបស់ ពូឃ្លាំង លុបបំបាត់ការបរិភោគសត្វសុនក ធ្វើឱ្យអភិបាលស្រុកបន្ទាយស្រីក៏នៅមិនស្ងៀម!
តារាចម្រៀងរ៉េបដ៏ល្បី ពូ ឃ្លាំង បន្ទាប់ពីស្ងាត់ពីសិល្បៈអស់រយៈពេល១៥ឆ្នាំ បានត្រលប់មកបំរើអារម្មណ៍ទស្សនិកសាជាថ្មីនាឆ្នាំ២០២២ ហើយសាងភាពល្បីល្បាញម្តងទៀតតាមរយៈបទចម្រៀង «រង្គើ»។ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីប្រកាសចូលវិថីចាស់ តារាចម្រៀងរូបនេះក៏បានចូលរួមយុទ្ធនាការទៅលើសត្វ ចិញ្ចឹម ដោយបញ្ឃប់ការបរិភោគសត្វសុនក (ឆ្កែ) ។
ថ្លែងនៅលើបណ្តាញសង្គមជារឿយៗ បង្ហោះមិនដែលដាច់លោកបានអំពាវនាវដល់ អ្នកស្រលាញ់សត្វសុនកទាំងអស់ចូលរួមបំផុសគំនិតលុបបំបាត់ការបិភោគ និងដាក់ទោសដល់ជនណាដែលបានទាក់សុនក ព្រមទាំងមានបំណងឱ្យប្រទេស ខ្មែរទាំងមូលយកគម្រូតាមខេត្តសៀមរាប ព្រោះខេត្តនេះបានហាមឃាត់ការជួញដូរនិងការសម្លាប់សុនខឬឆ្កែ ដែលជាសត្វស្មោះត្រង់នឹងម្ចាស់។
ពូឃ្លាំង បានឱ្យដឹងទៀតថា សុនក ប្រៀបដូចជាសមាជិកគ្រួសារ នឹងទ្រព្យសម្បត្តិ ឯកជនរបស់អ្នកដែលស្រលាញ់សត្វនេះ បើគេលួចទាក់បាត់ តើម្ចាស់នឹង ទទួលអារម្មណ៍បែបណាហើយភាពយុត្តិធម៌មានទេសម្រាប់ អ្នកខំចិញ្ចឹមជាម្ចាស់តែត្រូវគេលួចទៅបាត់។
មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានអះអាងថានឹង ចូលរួមពេញទំហឹងទៅ លើយុទ្ធនាការនេះ ព្រមទាំងអំពាវនាវដល់លោកជំទាវ ហ៊ុន ស៊ីណាត ឱ្យជួយឈឺឆ្អាលលើរឿងនេះផងដែរ។
ងាកទៅកាន់អភិបាលបន្ទាយស្រី លោក ឃឹម ហ្វីណង់ បន្ទាប់ពីឃើញការបំផុស គំនិតរបស់ពូឃ្លាំង ក៏បានចូលរួមគាំទ្រលើយុទ្ធនាការនេះ ដោយបានរៀបរាប់ថា «ទីសត្តឃាតសត្វឆ្កែ ការជួញដូរ និងការធ្វើអាជីវកម្មសាច់ឆ្កែគ្រប់រូបភាព មិនត្រូវបានអនុញ្ញាតនៅក្នុងស្រុកបន្ទាយស្រីឡើយ។ស្រុកបន្ទាយស្រីធ្លាប់ត្រូវបានរកឃើញ ថាជាកន្លែងជួញដូរធំជាងគេនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងឃុំព្រះដាក់ ដោយមានទីតាំងប្រមូលទិញពីបណ្តាស្រុកផ្សេងៗ ស្តុកទុកសត្វឆ្កែរស់ជាច្រើនកន្លែង និងបានប្រតិបត្តិការផ្គត់ផ្តង់សត្វឆ្កែរស់និងសាច់ឆ្កែបន្តទៅកាន់តំបន់ដទៃទៀតក្នុងប្រទេសកម្ពុជា»។
លោកបន្តទៀតថា «ក្នុងនាមជាស្រុកទេសចរណ៍មួយ ការជួញដូរនេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងកេរ្តិ៍ឈ្មោះរបស់ស្រុក ដែលជាហេតុផលសំខាន់ជាងគេបណ្តាល ឱ្យរដ្ឋបាលស្រុកបន្ទាយស្រីបានសម្រេចបិទសកម្មភាពទាំងនេះក្នុងពេលកន្លងមក»។
សូមរម្លឹកថា ពូឃ្លាំង បានសាងភាពល្បីល្បាញតាមរយៈបទចម្រៀងដូចជា «សិល្បៈដូនតា» «ខ្ញុំមានដំណឹងល្អ» «ក្រមុំខ្មែរ» « Mr ការលុងបុង» និងបទ«យុវជនខូចចិត្ដ» ហើយការត្រលប់មកលើកនេះពូឃ្លាំង ក៏ត្រៀមបទជាបន្តបន្ទាប់សម្រាប់មហាជននាពេលខាងមុខផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ