ទីបំផុត! Dortmund រកអ្នកជំនួសតំណែង Haaland បានហើយ
ក្លិបបាល់ទាត់ Borussia Dortmund បានរកអ្នកជំនួសតំណែងខ្សែប្រយុទ្ធវ័យក្មេង Erling Haaland បានហើយ បន្ទាប់ពីពួកគេចុះហត្ថលេខាលើកីឡាករ Sebastien Haller ពី Ajax ក្នុងកិច្ចព្រមព្រៀងតម្លៃខ្លួន ៣៤.៥ លានអឺរ៉ូ។
ខ្សែប្រយុទ្ធរូបនេះ បានចាកចេញពីក្លឹបជើងឯក Eredivisie របស់ហូឡង់ បន្ទាប់ពីចំណាយពេលត្រឹមតែ ១៨ ខែជាមួយក្លឹប ហើយ ត្រូវបានគេជឿជាក់ថា អាចជំនួសកន្លែងរបស់ Haaland នៅ Dortmund។
កីឡាករអន្តរជាតិកូតឌីវ័ររូបនេះ ស៊ុតបញ្ចូលទីបាន ៣៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៤២ ប្រកួតក្នុងការប្រកួតទាំងអស់ កាលពីរដូវកាលមុន ក្នុងនោះមាន ១១ គ្រាប់នៅ Champions League។
យោងតាមការចេញផ្សាយរបស់ Goal ក្លិបបាល់ទាត់ Dortmund នឹងចំណាយប្រាក់ ៣១លានអឺរ៉ូ ទៅឲ្យ Ajax សម្រាប់កីឡាករវ័យ ២៨ឆ្នាំ រូបនេះ។ ជាមួយនឹងកិច្ចសន្យារយៈពេល ៤ឆ្នាំ ពោលគឺ Haller អាចរួមរស់ជាមួយក្លិប Bundesliga រហូតដល់ឆ្នាំ ២០២៦។
គួរបញ្ជាក់ថា ក្រុមជើងឯករង Bundesliga កាលពីរដូវកាលមុន មានភាពមមាញឹកណាស់នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ដោយទិញបានកីឡាករ Karim Adeyemi, Nico Schlotterbeck , Niklas Sule, Salih Ozcan, Alexander Meyer និង Marcel Lotka៕
សូមបញ្ចេញមតិនៅទីនេះ