ព្រហស្បតិ៍ , 07 កក្កដា 2022
ប្រធានក្លឹប Barca ជុំវិញការផ្ទេរ de Jong ៖ "យើងមិនចង់លក់គាត់ទេ"
ប្រធានក្លឹប Barcelona លោក Joan Laporta បានរំលឹកឡើងវិញថា ក្លឹបមិនមានបំណងចង់លក់ Frenkie de Jong ដែលជាប្រធានបទក្ដៅជុំវិញលទ្ធភាពនៃការផ្ទេរទៅ Manchester United នោះទេ។
មែនទែនទៅ កីឡាករសញ្ជាតិហូឡង់រូបនេះ ត្រូវបានអ្នកចាត់ការថ្មី Erik ten Hag របស់ក្លឹប Premier League ចង់បាន បន្ទាប់ពីអ្នកទាំងពីរធ្លាប់ធ្វើការជាមួយគ្នានៅ Ajax ។ បិសាចក្រហមបច្ចុប្បន្ន កំពុងកសាងក្រុមរបស់ពួកគេឡើងវិញ ពិសេសត្រូវពង្រឹងខ្សែបម្រើ ជាហេតុដែលពួកគេចង់បាន De Jong។
ជុំវិញបញ្ហានេះ លោក Joan Laporta បានបង្ហើបថា Barcelona មិនមានចេតនាលក់គាត់ទេ។ អ្នកការសែតដ៏ល្បីរបស់ពិភពលោក Fabrizio Romano បានដកស្រង់សម្តីលោក Laporta ថា៖ “ពិតណាស់ យើងដឹងថាមានសំណើរជាច្រើនសម្រាប់ De Jong ប៉ុន្តែយើងមិនចង់លក់គាត់ទេ។ Frenkie de Jong គឺជាកីឡាកររបស់ Barcelona យើងមិនចង់លក់គាត់ទេ លុះត្រាតែយើងគ្មានជម្រើសផ្សេង”។
បច្ចុប្បន្ន Barcelona ស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុមិនល្អ ដូច្នេះការលក់ខ្សែបម្រើរូបនេះ អាចនឹងជួយឱ្យពួកគេប្រមូលមូលនិធិ ដើម្បីទិញកីឡាករថ្មីៗ ជាក់ស្ដែងដូចជា Robert Lewandowski ជាដើម។ បើតាម ESPN បានរាយការណ៍ថា ពួកគេចង់លក់ de Jong ក្នុងតម្លៃខ្លួន 100 លានអឺរ៉ូ ហើយក៏បានពិភាក្សាជាផ្លូវការជាមួយ United ផងដែរ។
គួរបញ្ជាក់ថា Frenkie de Jong បានបង្ហាញខ្លួនសរុបចំនួន 138 ប្រកួត សម្រាប់ក្លឹបយក្សអេស្ប៉ាញ ដោយបានរួមចំណែកគ្រាប់បាល់ 30 គ្រាប់ និងលើកពាន Copa Del Rey កាលពីឆ្នាំមុន៕
សូមបញ្ចេញមតិនៅទីនេះ