Jessi ដើរចេញពីផលិតកម្ម P Nation មិនសោកស្ដាយ បន្ទាប់ពីកុងត្រាបញ្ចប់ដោយសន្តិភាព
នៅពេលថ្មីៗនេះ អ្នកតំណាងរបស់ផលិតកម្ម P NATION បានប្រកាសថា កុងត្រាផ្តាច់មុខរបស់តារាចម្រៀងស្រី Jessi ជាមួយផលិតកម្មបានបញ្ចប់ជាមួយគ្នា ដោយមិនមានការចចារបន្ត។ ផលិតកម្មបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រដែលបានផ្តល់ក្តី ស្រលាញ់ និងការយកចិត្តទុកដាក់ដល់តារាចម្រៀងស្រី Jessi ជាច្រើនឆ្នាំកន្លងមកនេះ។
ភាគីផលិតកម្មបានបន្តទៀតថា ក្នុងនាមជាតារាសិល្បៈដំបូងគេរបស់ផលិតកម្ម P NATION តារាស្រី Jessi ដែលនៅជាមួយ P NATION តាំងពីដើមរហូតមកដល់បច្ចុប្បន្ន បានវិវឌ្ឍខ្លូនជាតារាសិល្បៈដែលមានអ្នកគាំទ្រស្រលាញ់កាន់តែច្រើន ស្ទីលបទចម្រៀងរបស់នាង និងការខិតខំប្រឹងប្រែងមិនឈប់ឈរ។ ជាងនេះទៅទៀត នាងបានជាតារាស្រីដែលនាំមុខគេ និងជាគំរូបសម្រាប់សិល្បករផ្សេងទៀតទាំងអស់របស់ផលិតកម្ម។
Jessi បានបង្ហាញមុខក្នុងវិស័យចម្រៀង K-pop ដំបូងក្នុងឆ្នាំ ២០០៥ ដោយជ្រកក្រោមឈ្មោះជាតារាស្រីហ៊ីបហប។ បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយ YMC នាងបានផ្លាស់ទៅផលិតកម្ម PSY គឺផលិតកម្ម P NATION ក្នុងឆ្នាំ ២០១៩ ជាតារាស្រីដំបូងដែលបានចុះកុងត្រារយៈពេលយូរឆ្នាំ។ នាងបានបន្តអាជីពជាតារាចម្រៀងទោល ដោយមានបទចម្រៀងកំពូលៗចំនួន ១០ ក្នុងនោះមានបទដែលល្បីពាសពេញពិភពលោកគឺបទ «NUNU NANA» , «What Type of X» , «Numb» , «Cold Blooded» និងជាពិសេសបទ «Zoom» ។
គួរបញ្ជាក់ដែលថា ក្រោយបញ្ចប់កុងត្រាជាមួយ P NATION តារាចម្រៀងស្រី Jessi នៅមិនទាន់មានតម្រុយឱ្យអ្នកគាំទ្រដឹងទេថា នាងនឹងជ្រកក្រោមផលិតកម្មណាមួយទៀត ឬក៏បោះជំហ៊ានចូលវិស័យសិល្បៈចម្រៀងរបស់អាម៉េរិកតាមគន្លងរបស់ CL ឬយ៉ាងណាទេ គឺមានតែចាំតាមដានបន្ត៕
សូមបញ្ចេញមតិនៅទីនេះ