សៅរ៍ , 09 កក្កដា 2022
គ្រប់គ្នាចាំអ៊ុតមើល Weir ហ៊ានហៅ Bella ទៅញ៉ាំការទេ ខណៈ Bella បង្ហោះបែបនេះនៅលើអ៊ីនស្ដាក្រាម!
បន្ទាប់ពីតារាសម្ដែងប្រុស Weir Sukollawat ទម្លាយដំណឹងរៀបការជាមួយស្នេហាថ្មីគឺនាង Vicky នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នេះ រំលងបានប៉ុន្មានថ្ងៃ លោកក៏បានបង្ហាញរូបភាពចុះអេតាស៊ីវិលជាមួយអនាគតភរិយាបាត់ទៅហើយ។ ស្នេហា ១០ឆ្នាំរបស់ Weir និង Bella ហាក់ធ្វើឱ្យនាងរៀងឈឺចិត្តកម្រិតធ្ងន់ ព្រោះនាងសល់ត្រឹមតែពាក្យស្រឡាញ់អ្នកមុន រៀបការអ្នកក្រោយតែប៉ុណ្ណោះ។
Bella ដែលជាតារាស្រីជួរមុខប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ ៣ ធ្លាប់លើកឡើងថា នាងមិននិយាយអ្វីទាំងអស់ឱ្យតែរឿងពាក់ព័ន្ធជាមួយ Weir ព្រោះនោះជាការសម្រេចចិត្តរបស់គេ នាងសូមមិនលូកសម្ដី ឬបញ្ចេញប្រតិកម្មអ្វីទាំងអស់។ ចំពោះដំណឹងរៀបការ តាមពិតទៅ Bella នាងមិនបានដឹងពីមុនមកទេ ព្រោះសម្ព័ន្ធភាពរបស់នាង និង Weir សល់ត្រឹមតែពាក្យថាមិត្តល្អនឹងគ្នាតែប៉ុណ្ណោះ។
ទោះកន្លងមកបើទោះបីជា Weir បានលុបរូបភាពរបស់ Bella ចេញពីអ៊ីនស្ដាក្រាមអស់ក៏ដោយ តែថ្មីៗនេះ គេស្រាប់តែឃើញ Bella មិនបន្ធូរដៃវិញ បង្ហោះរូបភាពយ៉ាងសិចស៊ី ចំហខ្នង ហាក់ដូចជាចង់បង្ហាញថា នាងគឺជានារីរឹងមាំ និងកាន់តែទាក់ទាញខ្លាំងជាងមុន។ ក្រោយពី Weir បង្ហាញអេតាស៊ីវិលជាមួយ Vicky ស្រាប់តែ Bella បានរៀបរាប់នៅលើ អ៊ីនស្ដាក្រាមថា ៖ «ការងារច្រើនប៉ុណ្ណា តែសុខភាព និងរូបរាងកាយ គឺជារឿងចំបង»។ ការបង្ហាញរបស់ឈុតថ្មីរបស់ Bella មិនមានចេតនាដ្រាម៉ានោះទេ តែដូចជាចង់ប្រាប់ថា នាងរឹងមាំក្នុងរឿងនេះ។
អ្នកគាំទ្រទាំង តារាប្រុស Weir និង តារាស្រី Bella កំពុងតែនាំគ្នាចាំអ៊ុតមើលថា តើតារាប្រុសជាសង្សាចាស់នាងមួយរូបនេះ ហ៊ានហៅនាងទៅពិធីមង្គលការដែរឬ ទេ? ហើយនាងផ្ទាល់ហ៊ានប្រឈមមុខចូលរួមមង្គលការសង្សារចាស់ដែរឬទេ? ខណៈដែល Weir បានប្រកាសថា មង្គលរបស់លោកគឺរៀបចំមិនមានលក្ខណៈធំដុំអធិកអធមនោះទេ ពោលគឺមានតែក្រុមគ្រួសារ និងមិត្តសិល្បៈដែលស្និទ្ធបំផុតតែប៉ុណ្ណោះ៕
សូមបញ្ចេញមតិនៅទីនេះ