Mourinho ចេញមកនិយាយចំណុចមិនល្អរបស់ Ronaldo
(កីឡា)៖ អតីតគ្រូបង្វឹករបស់ក្រុមបិសាចក្រហម បានលើកឡើងពីចំណុចអវិជ្ជមានរបស់ Ronaldo ដែលជាបញ្ហាធ្លាប់កើតឡើង រវាងលោក ជាគ្រូ និងសិស្ស អំឡុងលេងនៅក្លិប Real Madrid កាលពីឆ្នាំ ២០១៣ ។ នេះបើយោងតាមប្រភពព័ត៌មាន Sportskeeda បានចុះផ្សាយ។
ប៉ុន្មានថ្ងៃមកនេះ ចាប់ផ្តើមល្បីពីបញ្ហារបស់ CR7 ដោយលើកឡើងថា កីឡាកររូបនេះ មិនបានចូលរួមហ្វឹកហាត់នៅជំរុំរបស់ក្រុមបិសាចក្រហមនោះទេ តាមកាលវិភាគដែលបានកំណត់ បែរជាបង្ហាញខ្លួនលេងនៅ ស្រុកកំណើតរបស់គាត់ទៅវិញ ដែលជាហេតុធ្វើឲ្យមានព័ត៌មាន លើកឡើងជុំវិញ អនាគតរបស់គាត់ នៅជាមួយក្រុម Man Utd ។
មានការលើកឡើងជាបន្តបន្ទាប់ថា CR7 បានស្នើសុំក្លិបចាកចេញ នៅរដូវកាលនេះ ក៏ព្រោះតែហេតុផល មិនពេញចិត្តជាមួយក្លិប ដែលមិនមានមហិច្ឆិតា ក្នុងការនាំយកកីឡាករសំខាន់ចូលរួមលេងនៅរដូវកាលក្រោយ ក៏ដូចជាការមិនមានកៅអីលេងនៅ UCL។ មួយវិញទៀត វត្តមានលេងតទល់ជាមួយ ហង្សក្រហមនៅលើទឹកដីថៃ ក៏គ្មានវត្តមានកីឡាករ ឆ្នើមរូបនេះផងដែរ ។
ទន្ទឹមជាមួយព័ត៌មាននេះ ងាកទៅកាន់ ទំព័រផ្សព្វផ្សាយក្របមុខពីអាវរដូវកាលថ្មីរបស់ ក្រុមបិសាចក្រហម គឺកីឡាករ Ronaldo នៅតែបង្ហាញវត្តមានជាតួដ៏សំខាន់ ដែលធ្វើឲ្យអ្នកគាំទ្របិសាចក្រហមរហាក់កក់ក្ដៅបន្តិចវិញ។
អស់ពីរឿងមួយសល់រឿងមួយទៀត ស្រាប់តែអតីតគ្រូបង្វឹករបស់ Ronaldo គឺលោក Jose Mourinho បានលើកឡើងពីចំណុចអវិជ្ជមានរបស់ King UCL ថា កីឡាករសញ្ជាតិព័រទុហ្កាលរូបនេះ មិនបើកចិត្តទូលាយទទួលយកការរិះគន់ ដើម្បីស្ថាបនានោះទេ ។
គ្រូបង្វឹកក្រុមរបស់ Roma ខាងលើបានលើកឡើងថា៖«ខ្ញុំមានបញ្ហាតែមួយគត់ជាមួយគាត់ ដោយសាមញ្ញនឹងងាយស្រួលយល់ណាស់ ។ នៅពេលដែលរិះគន់ពីទម្រង់យុទ្ធសាស្ត្រ ដើម្បីពង្រឹងសមត្ថភាពរបស់គាត់ គឺគេមិនបើកចិត្តទទួលយកឡើយ ប្រហែលជាគាត់ គិតថាខ្លួនគាត់ដឹងគ្រប់យ៉ាង ហើយគ្រូបង្វឹក មិនអាចជួយអភិវឌ្ឍន៍បន្ថែមដល់ខ្លួនគាត់ឡើយ»។
គួរបញ្ជាក់ថា Ronaldo និង Mourinho ធ្លាប់ធ្វើការជាមួយគ្នា អស់រយៈពេល 3ឆ្នាំ ក្នុងអំឡុងពេលស្នាក់នៅ Real Madrid ធ្វើឲ្យពួកគេឈ្នះពានរង្វាន់ជាច្រើននៅទីនោះ៕
សូមបញ្ចេញមតិនៅទីនេះ