ល្អហួស! Ten Hag ដឹកនាំបិសាចក្រហម ប្រកួតដំបូង លុត ហង្សក្រហម ៤-០ ក្នុងការប្រកួតមិត្តភាពនៅទីក្រុងបាងកក
(បាល់ទាត់)៖ ក្រុមបិសាចក្រហម Manchester United បានចាប់ផ្តើមបើករដូវកាលដំបូងរបស់ពួកគេ ជាមួយនឹងការយកឈ្នះក្នុងលទ្ធផល ៤-០ លើគូប្រជែងហង្សក្រហម Liverpool ក្នុងប្រទេសថៃ កាលពីយប់ថ្ងៃអង្គារ ម្សិលមិញនេះ ដែលជាការប្រកួតដំបូង ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Erik ten Hag។
Liverpool មើលទៅហាក់បីដូចជាធ្វើមិនបានល្អសោះ ដោយមិនអាចរកគ្រាប់បាល់បានសោះ ខណៈក្រុម United ធ្វើបានល្អមែនទែន ក្នុងទីក្រុងបាងកក ពោលគឺនៅក្នុងតង់ទី១ កូនបិសាចអាចរកគ្រាប់បាល់ចំនួន ៣ គ្រាប់ នៅចន្លោះនាទី ២១។
គ្រាប់បាល់តំបូងក្នុងការប្រកួតនេះ កើតឡើងនៅនាទីទី ១២ ដោយកីឡាករវ័យក្មេង Jadon Sancho។ ១៨ នាទីក្រោយមក ខ្សែបម្រើវ័យក្មេង Fred ទះបាល់ស្រាលៗផុតដៃអ្នកចាំទី Alisson Becker ធ្វើអោយបិសាចក្រហមនាំមុខ ២-០ លើហង្សក្រហម។ មិនទាន់អស់នោះទេ នៅនាទីទី ៣៣ Anthony Martial ដែលទើបតែត្រឡប់មកពីទឹកដីអេស្ប៉ាញ បានស៊ុតបញ្ជូលទីមួយគ្រាប់ទៀត ហើយបញ្ចប់ការប្រកួតតង់ទី១ Man United នាំមុខ Liverpool ៣-០។
លុះចូលដល់តង់ទី២ អ្នកចាត់ការ Juergen Klopp មិនចង់ខ្មាស់អ្នកគាំទ្រនោះទេ ដោយបានធ្វើការផ្លាស់ប្តូរយុទ្ធសាស្រ្ត និងកីឡាករសំខាន់ៗ ដូចជាខ្សែប្រយុទ្ធចំណូលថ្មី Darwin Nunez និង Mohamed Salah។ ប៉ុន្តែលោក Klopp នៅតែបន្តខកចិត្ត ដោយសារអ្នកចាំទីដៃស្អិត De Gea និងកំផែងការពាររបស់កូនបិសាច មិនអនុញ្ញាតឲ្យមានគ្រាប់បាល់កើតឡើងនោះទេ។
មិនត្រឹមតែ មិនឲ្យហង្សក្រហមស៊ុតបញ្ជូលទីនោះទេ តែ Man Utd បានបន្ថែមគ្រាប់បាល់ ១គ្រាប់ថែមទៀត ដោយកីឡាករវ័យក្មេង Facundo Pellistri នៅនាទីទី៧៦ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពីមិត្តរួមក្រុម Amad Diallo។ បញ្ចប់ការប្រកួត៩០នាទី ក្រុមបិសាចក្រហម បានយកឈ្នះ ក្រុមហង្សក្រហម ៤-០។
គួរបញ្ជាក់ថា ការប្រកួតនេះ គឺជាការប្រកួតដំបូងរបស់ក្រុមបិសាចក្រហម ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី លោក Erik ten Hag បន្ទាប់ពីចាកចេញពី Ajax នៅរដូវក្ដៅនេះ៕
សូមបញ្ចេញមតិនៅទីនេះ