ព្រហស្បតិ៍ , 14 កក្កដា 2022
ភ្ជាប់ពាក្យរួច ហេង ចន្ថា បាត់មុខឈឹង ពេលបង្ហាញវត្តមានមកវិញ ត្រូវគេសួរថា ផ្តាច់ពាក្យជាមួយគូដណ្តឹងមែន ?
តារាសម្តែង ហេង ចន្ថា បានភ្ជាប់ពាក្យជិតជាង ២ ឆ្នាំហើយ ប៉ុន្តែនៅពុំទាន់ឃើញនាងដឹកដៃគូស្នេហ៍ចូលរោងការទៅតាមប្រពៃណទៀត រហូតធ្វើឱ្យលេចលឺព័ត៌មានថា តារាសម្តែងរួបនេះបានបែកគ្នាជាមួយ គូដណ្តឹងហើយ ។
ពេលនេះ ហេង ចន្ថា បានវិលត្រឡប់មកកាន់វិស័យសម្តែងវិញហើយក្រោយបោះបង់អាជីពនេះអស់រយៈពេលជាង ២ ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ ១៩ ជាក់ស្តែងនាងបានលេចមុខនៅក្នុងរឿង « លោកប៉ាមហាកូរ » ដែលបានដាក់បញ្ចាំងនៅរោងភាពយន្តកាលពីពេលថ្មីៗនេះ ធ្វើឱ្យទស្សនិកជនមានការចាប់ អារម្មណ៍នាងឡើងវិញ ។
ក្រៅពីលេចមុខក្នុងរឿងថ្មីនេះ ហេង ចន្ថា ក៏បានចូលរួមក្នុងកម្មវិធីជួបជុំមិត្តសិល្បករដូចមុនៗ ប៉ុន្តែពេលជួបគ្នាម្តងៗម្នាក់ៗបានចោទសំណួរដូចគ្នាទៅកាន់នាងថា តើពេលណានាងរៀងការ ?
ហេង ចន្ថា មិនបានតបអ្វីច្រើននោះទេចំពោះសំណួរនេះ នាងបានត្រឹមតែញញឹម និងឆ្លើយតបថា រង់ចាំមើលមួយរយៈពេលទៀតសិន ។ តាមបំណង ហេង ចន្ថា មានបំណងនឹងរៀបការនៅមុនមានវ័យ ៣០ ឆ្នាំ ខណៈឆ្នាំនេះនាងមានវ័យ ២៧ ឆ្នាំហើយ ។
គួរំលឹកផងដែរថា ហេង ចន្ថា បានភ្ជាប់ពាក្យជាមួយបុរសម្នាក់កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២០ ប៉ុន្តែនាងមិនបានបង្ហាញមុខគូដណ្តឹងនាងឱ្យទស្សនិកជនបានស្គាល់នៅឡើយទេ ដោយនាងចង់ឱ្យ មានការភ្ញាក់ផ្អើលនៅពេលដែលនាងសម្រេចចូលរោងការ ស្របពេលទស្សនិកជនជាច្រើនកំពុងរង់ចាំមើលតារាស្រីរូបនេះស្លៀកឈុតកូនក្រមុំ៕
សូមបញ្ចេញមតិនៅទីនេះ