Gnabry កៀកនឹងចុះកុងត្រាថ្មីជាមួយ Bayern ធ្វើឲ្យក្លិបយក្សចំនួន៣ នៅ EPL ក្អួតឈាម
(បាល់ទាត់)៖ កីឡាករសញ្ជាតិអាល្លឺម៉ង់ Serge Gnabry គ្រោងនឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយ Bayern Munich បន្ទាប់ពីពេញចិត្តចំពោះការផ្តល់ជូនកិច្ចសន្យាចុងក្រោយពីក្លឹបយក្ស Bundesliga។ នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអាល្លឺម៉ង់។
មែនទែនទៅ អនាគតរបស់កីឡាករវ័យ ២៦ឆ្នាំ នៅកីឡដ្ឋាន Allianz Arena ហាក់នៅឆ្ងាយពីភាពប្រាកដប្រជាក្នុងរដូវក្តៅនេះ ដោយកិច្ចសន្យាបច្ចុប្បន្នរបស់ Gnabry នៅក្លឹបយក្សអាល្លឺម៉ង់ នឹងផុតកំណត់នៅរដូវក្តៅក្រោយ។
យោងតាមគេហទំព័រ Kicker បានអះអាងថា Bayern Munich និង Gnabry ឈានដល់កិច្ចព្រមព្រៀងលើការបន្តកិច្ចសន្យា ដោយរាយការណ៍ថា ខ្សែប្រយុទ្ធអាល្លឺម៉ង់រូបនេះ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេល ៤ ឬ ៥ ឆ្នាំ។
គេហទំព័រដដែលបន្ថែមថា Gnabry មិនពេញចិត្ត បន្ទាប់ពីការពិភាក្សាដំបូងជាមួយ Bayern នៅរដូវក្តៅនេះ ជា ហេតុដែលគាត់មិនទាន់បានប្តេជ្ញាចិត្តពីអនាគតយូរអង្វែងរបស់គាត់ជាមួយក្លឹប។ ប៉ុន្តែពួកគេអះអាងថា បញ្ហាទាំងនោះត្រូវបានដោះស្រាយហើយថា អតីតកីឡាករ Arsenal នឹងបដិសេធការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League ដើម្បីបន្តស្នាក់នៅក្នុងក្របខ័ណ្ឌ Bundesliga ។
បើតាម Sportsmail បានឲ្យដឹងថា Chelsea បានធ្វើអ្វីដែលត្រូវបានពិពណ៌នាថាជា "ការស៊ើបអង្កេត" ជុំវិញការចុះហត្ថលេខាលើ Gnabry ខណៈដែលក្លឹប Manchester ទាំងពីរក៏ចង់បានកីឡាកររូបនេះផងដែរ។
គួរបញ្ជាក់ថា Gnabry ស៊ុតបញ្ចូលទីបាន ៦៥ គ្រាប់ ក្នុងបង្ហាញខ្លួន ១៧១ ប្រកួត សម្រាប់ Bayern។ Gnabry បានស៊ុតបាល់បញ្ចូលទី ១៤ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៦ ដង ក្នុង ៣៤ ប្រកួត Bundesliga កាលពីរដូវកាលមុន។ កីឡាករអន្តរជាតិសញ្ជាតិអាឡឺម៉ង់រូបនេះ បានឈ្នះពានរង្វាន់ធំៗ ចំនួន ១២ ជាមួយ Bayern រួមទាំងពានរង្វាន់ Bundesliga ចំនួន ៤ ដង Champions League និង Club World Cup៕
សូមបញ្ចេញមតិនៅទីនេះ