Ozil រកបានទ្រនំថ្មី ២៩នាទី ក្រោយទ្រនំចាស់ Fernerbahce ផ្ដាច់កុងត្រា
(បាល់ទាត់)៖ ខ្សែបម្រើប្រយុទ្ធ Mesut Ozil ត្រូវបានប្រកាសក្លាយជាកីឡាករចំណូលថ្មីរបស់ក្លិប Istanbul Basaksehir ពោលគឺ ២៩នាទី បន្ទាប់ពីក្លិប Fernerbahce បញ្ចប់កុងត្រារបស់គេ។
អតីតកីឡាករ Arsenal វ័យ ៣៣ឆ្នាំ បានចូលរួមជាមួយ Fernerbahce កាលពី ១៨ខែមុន ប៉ុន្តែត្រូវបានក្លិបផ្ដាច់កុងត្រាកាលពីម្សិលមិញនេះ។ Ozil មិនបានលេងឲ្យក្លិបចាប់តាំងពីខែមីនា ពេលដែលគេមានជម្លោះជាមួយអ្នកចាត់ការបណ្ដោះអាសន្ន Ismail Kartal។
អតីតជម្រើសជាតិអាល្លឺម៉ង់រូបនេះ លេងបានតែ ៣៧ប្រកួតគត់ ក្នុងរយៈពេលមួយរដូវកាលកន្លះជាមួយ Fernerbahce។ ហើយកាលពីថ្ងៃពុធ គេត្រូវបានក្លិបបញ្ចប់កុងត្រាមុនកំណត់ ស្របពេលនៅសល់រយៈពេល ២ឆ្នាំទៀត។ យ៉ាងណាមិញ Ozil បានប្រកាសក្លាយជាកីឡាកររបស់ក្លិប Istanbul Basaksehir មិនដល់កន្លះម៉ោងផង បន្ទាប់ពីព័ត៌មានចាកចេញរបស់គេពីក្លិប Fernerbahce។
គួរបញ្ជាក់ថា Istanbul Basaksehir គឺជាក្លិបមានមហិច្ឆតាធំមួយក្នុងប្រទេសទួរគី និងធ្លាប់នាំយកកីឡាករល្បីឈ្មោះមួយចំនួនមករួមក្រុមដូចជា Robinho, Demba Ba និង Emmanuel Adebayor ជាដើម។ ពួកគេបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ នៅ Turkish Super Lig កាលពីរដូវកាលមុន៕
សូមបញ្ចេញមតិនៅទីនេះ