Xavi ចង់លក់កីឡាករ៧នាក់ចេញថែមទៀត ដើម្បីយកលុយទិញសមាជិកថ្មី
(បាល់ទាត់)៖ លោក Xavi អ្នកចាត់ការរបស់ក្លិប Barcelona មានបំណងចង់លក់កីឡាករ ៧នាក់ផ្សេងទៀត នៅអំឡុងពេលទីផ្សារដោះដូរកីឡាក្នុងរដូវក្ដៅនេះ។
ផ្អែកតាមសារព័ត៌មាន The Sun ក្នុងចំណោមកីឡាករទាំង៧នាក់នោះ គេជឿជាក់មានឈ្មោះរបស់ Neto, Samuel Umtit, Braithwaite និង Memphis Depay។ ខ្សែការពារ Oscar Mingueza និងខ្សែបម្រើ Riqui Puig ក៏ស្ថិតក្នុងលទ្ធភាពក្លិបចង់បញ្ចេញចោលក្នុងរដូវក្ដៅនេះដែរ ដើម្បីយកប្រាក់ទិញសមាជិកថ្មីចូល។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ កំពុងអន្ទះសារចង់ពង្រឹងក្រុមសម្រាប់យុទ្ធនាការរដូវកាល ២០២២-២៣ ដើម្បីប្រជែងជាមួយ Real Madrid សម្រាប់ពាន La Liga ក៏ដូចជា Champions League។ ក្នុងរដូវក្ដៅនេះ Xavi បានបញ្ចេញកីឡាករជាច្រើនចេញ និងសម្លឹងការផ្លាស់ប្ដូរក្រុម Barcelona សម្រាប់រដូវកាលខាងមុខ។
Barca បានប្រកាសចែកផ្លូវជាមួយខ្សែការពារស្ដាំ Dani Alves បន្ទាប់ពីគេបានមកដល់ Nou Camp កាលពីខែធ្នូ។ ខ្សែការពារ Clement Lenglet ត្រូវឲ្យក្លិប Spurs ខ្ចីជើង ជាមួយលក្ខខណ្ឌទិញផ្ដាច់នៅពេលអនាគត ខណៈ ខ្សែបម្រើ Philippe Coutinho បានផ្លាស់ជាផ្លូវការកាន់ Aston Villa ក្នុងតម្លៃខ្លួន១៧លានផោន៕
សូមបញ្ចេញមតិនៅទីនេះ