សិល្បករនិងអ្នកគាំទ្រ ចាំមើលថាតើពេលបុរសសង្ហា ណាខុន ដឹកដៃភរិយាចូលរោងការ ?
ភ្នំពេញ ៖ តារាសម្តែងរូបសង្ហា ណាខុន បានភ្ជាប់ពាក្យនិងរស់នៅជាមួយភរិយាខ្លួនជាប្តីប្រពន្ធជាង ៣ ឆ្នាំហើយ ប៉ុន្តែលោកនៅពុំទាន់គិតគូរឿងរៀបការធំដុំដូចជាមិត្តសិល្បករផ្សេងទៀត ។ មិនដឹងថាមានបញ្ហាអ្វីខ្លះដែលធ្វើឱ្យតារាសម្តែងរូបសង្ហារម្នាក់នេះមិនព្រមរៀបចំពិធីមង្គលការធំដុំដូចមិត្តរួមអាជីពទៅវិញ ?
ណាខុន នៅតែជាតារាសម្តែងលេចធ្លោមួយរូប បើទោះបីជាលោកមានវ័យកាន់តែច្រើនក្តី លោកនៅតែស្ថិតក្នុងតំណែងតួឯកដដែល ពិបាកនិងរកគូប្រកួតណាស់ ពីព្រោះលោកជាតារាសម្តែងដ៏មានទេពកោលស្យ ព្រមទាំងមានរូបរាងស្រស់សង្ហា ។ សូម្បីតែប្រកាសថាខ្លួនមានភរិយារួចក្តី ក៏មិនបានធ្វើឱ្យ តារាសម្តែងរូបនេះធ្លាក់ប្រជាប្រិយភាពដែរ ផ្ទុយទៅវិញលោកបែរជាទទួលបានការងារច្រើនជាងមុន ។
មកទល់ពេលនេះតារារូបសង្ហា ណាខុន បានរួមរស់ជាមួយភរិយាខ្លួនជាង ៣ ឆ្នាំមកហើយ ហើយលោកបានរៀបចំពិធីភ្ជាប់ពាក្យតាមប្រពៃណីកាលពីដើមឆ្នាំ ២០២១ ដោយមានសិល្បករតិចតួចណាស់ចូលរួម មកទល់ពេលនេះលោកនិងភរិយាដែលជាមេម៉ាយកូនមួយនៅពុំទាន់ដឹកដៃគ្នាចូលរោងការជាផ្លូវការនៅឡើយទេ រហូតធ្វើឱ្យមិត្តភក្តិ និងអ្នកគាំទ្រ ឆ្ងល់ថា ហេតុអ្វីតារារូបសង្ហាម្នាក់នេះមិន ព្រមរៀបចំពិធីមង្គលធំដុំ ?
ចំពោះរឿងនេះមិនបានធ្វើឱ្យ ណាខុន ខ្វាយខ្វល់នោះទេ ពីព្រោះលោកនិងភរិយាស្រឡាញ់យល់ចិត្ត គ្នាខ្លាំង ជាក់ស្តែងជួបជាមួយលោកនាពេលកន្លងមក លោកបាននិយាយថា មិនទាន់គិតទេរឿងនេះ ចាំមើលពេលវេលាល្អមកដល់សិន ។
បើតាមប្រភពព័ត៌មានពីអ្នកស្និទ្ធជាមួយលោក ណាខុន បានបង្ហើបប្រាប់ថា ណាខុន ក៏មានបំណងរៀបចំពិធីមង្គលការធំដុំដែរ ដើម្បីឱ្យសមមុខមាត់ តែដោយសាររកថ្ងៃល្អមិនទាន់បានទើបចេះតែពន្យារពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃ ។
ទោះបីជាមិនទាន់រៀបចំពិធីមង្គលការ តែ ណាខុន និងភរិយាពិតជាស្រឡាញ់គ្នាខ្លាំងណាស់ អ្នកទាំងពីរតែងតែបណ្តើរគ្នាទៅចូលរួមកម្មវិធីជួបជុំមិត្តសិល្បករយ៉ាងផ្អែមល្ហែមបំផុត រហូតធ្វើឱ្យអ្នកនៅលីវ ច្រណែនគ្រប់ៗគ្នា ។ មកទល់ពេលនេះ ណាខុន និង ភរិយា នៅពុំទាន់យកកូនចៅស្នងត្រកូលនៅឡើយទេ ៕
សូមបញ្ចេញមតិនៅទីនេះ