Man Utd បានឈានដល់កិច្ចព្រមព្រៀងផ្ទេរយក Martinez ពី Ajax
(បាល់ទាត់)៖ ក្លិប Manchester United ខិតជិតយកបានកីឡាករចំណូលថ្មីទី៣ក្នុងរដូវក្ដៅនេះ បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងតម្លៃខ្លួន៤៥លានផោនជាមួយខ្សែការពាររបស់ Ajax កីឡាករ Lisandro Martinez។
អ្នកចាត់ការរបស់ United លោក Erik ten Hag មានបំណងចង់ធ្វើការម្ដងទៀតជាមួយកីឡាករវ័យ២៤ឆ្នាំ ដែលលោកបានទិញមកកាន់ Ajax កាលពីឆ្នាំ២០១៩។ Ajax ហាក់ស្ទាក់ស្ទើរក្នុងការយល់ព្រមឲ្យ Martinez ចាកចេញ ប៉ុន្តែនាយកប្រតិបត្តិលោក Richard Arnold និងនាយកផ្នែកបាល់ទាត់លោក John Murtough របស់ United បានដំណើរការកិច្ចព្រមព្រៀងពេលដែលពួកគេទៅដល់ទីក្រុង Amsterdam កាលពីសប្ដាហ៍មុន។
Martinez សញ្ជាតិអាហ្សង់ទីនកំពុងតែធ្វើដំណើរមកកាន់ទីក្រុង Manchester ដើម្បីពិនិត្យសុខភាពនិងបញ្ចប់ការផ្ទេរឲ្យក្លាយជាការពិត១០០%។ យ៉ាងណាមិញ គេមិនទំនងអាចហោះទៅកាន់ប្រទេសអូស្ត្រាលីដើម្បីលេងប្រកួតមិត្តភាពរបស់ United ឡើយ។ ប៉ុន្តែគេនឹងអាចហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មី ពេលដែល Man Utd ត្រលប់មកកាន់អង់គ្លេសវិញនៅថ្ងៃទី២៤ ខែកក្កដា។
United បច្ចុប្បន្នកំពុងមមាញឹកក្នុងការដោះដូរកីឡាករ ដោយថ្មីៗកន្លងទៅពួកគេទើបតែយកបាន Christian Eriksen ដោយគ្មានតម្លៃខ្លួនចុះកុងត្រារយៈពេល៣ឆ្នាំ។ ខ្សែការពារ Tryell Malacia ជាកីឡាករទីមួយដែលបិសាចក្រហមនាំចូលក្នុងរដូវក្ដៅនេះ៕
សូមបញ្ចេញមតិនៅទីនេះ