អាទិត្យ , 17 កក្កដា 2022
គ្រូបង្វឹក ISI ដង្កោសែនជ័យ ថាក្លិបវិសាខា គឺជាគូប្រជែងខ្លាំងបំផុតក្នុងពានរង្វាន់ Hun Sen Cup
(បាល់ទាត់)៖ ទោះបីជាមិនទាន់ដឹងថា នឹងត្រូវជួបគ្នាក្នុងជុំផ្ដាច់ព្រ័ត្រក៏ដោយ លោក John Botioba គ្រូបង្វឹកក្លិប អាយ អេស អាយ ដង្កោសែនជ័យបាននិយាយថា ក្លិបវិសាខា ពិតជាគូប្រជែងដ៏ខ្លាំងបំផុតក្នុងការប្រកួតនៅជុំផ្ដាច់ព្រ័ត្រថ្នាក់ជាតិពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ ២០២២នេះ។
ផ្ដល់បទសម្ភាសឱ្យក្រុមការងាររៀបចំការប្រកួត ពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រូបង្វឹក លោក John Botioba បាននិយាយថា៖ « តាមគំនិតខ្ញុំ! វិសាខាគឺជាក្រុមដែលខ្លាំងបំផុតក្នុងពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំនេះ។ ពួកគេមានកីឡាករក្នុងស្រុកច្រើន និងមានគុណភាព ដែលលេងឱ្យជម្រើសជាតិច្រើនជាងគេ ហើយជាក្រុមម្ចាស់ជើងឯក២សម័យកាលជាប់គ្នាទៀតផង»។
បន្ថែមពីនេះទៀតលោកបន្តថា យើងធ្លាប់ជួបពួកគេកាលពីរដូវកាលមុនៗក្នុងពានរង្វាន់នេះដែរ។ ពួកគេជាក្រុមដែលមានភាពស្វាហាប់ក្នុងការប្រយុទ្ធ តែយ៉ាងណាកាលនោះពួកគេដឹកនាំដោយគ្រូបង្វឹកផ្សេង ហើយឆ្នាំនេះដឹកនាំដោយគ្រូបង្វឹកខ្មែរដែលមានបទពិសោធន៍ច្រើនក្នុងពាន Hun Sen Cup និងលីគគឺ អាចនិយាយបានថាវានឹងមានភាព ខុសគ្នា"។
អាយ អេស អាយ ដង្កោសែនជ័យបានឡើងទៅជុំផ្ដាច់ព្រ័ត្រ ពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយការយកឈ្នះក្រុមជើងឯករង ពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) ឧត្តរមានជ័យ សរុបលទ្ធផលទាំងពីរជើង ៩ទល់១ ក្នុងវគ្គជម្រុះជុំចុងក្រោយថ្នាក់ជាតិ៕
សូមបញ្ចេញមតិនៅទីនេះ