អ៊ឹង និមល ច្រានចោលស្នេហាបុរស អឺរ៉ុប ព្រោះហេតុផលពីរយ៉ាង !
ភ្នំពេញ ៖ ស្ងាត់ៗតារាសម្តែងនិងបង្ហាញម៉ូដ អ៊ឹង និមល បង្ហាញអារម្មណ៍ពិតរបស់ខ្លួនថា នាងស្រឡាញ់និងចង់ជ្រើសរើសបុរស អាស៊ី មកធ្វើជាគូ ច្រើនជាងយកបុរសខាងប៉ែក អឺរ៉ុប ។
មិត្តភក្តិស្និទ្ធស្នាលតារាសម្តែងនិងបង្ហាញម៉ូដ អ៊ឹង និមល បានរៀបការជាមួយជនបរទេសអស់ជាបន្តបន្ទាប់ ដោយឡែកតែកញ្ញា អ៊ឹង និមល ចូលវ័យជាង ៣០ ឆ្នាំហើយរកដៃគូដណ្តើរនិងគេគ្មាន ។ ចំពោះរឿងនេះ អ៊ឹង និមល ក៏ចង់បានគូស្រករព្រមទាំងរៀបការនិងគេឆាប់ៗដែរ ប៉ុន្តែបុរសដែលត្រូវរៀបការជាមួយមិនទាន់ឃើញ ដោយសារតែអ្នកដែលតាមស្រឡាញ់នាងភាគច្រើនសុទ្ធតែជាអ្នកយកស្នេហា លេងសើច រកអ្វីពិតប្រាកដគ្មាន ។
មានមិត្តភក្តិក្នុងសិល្បៈជាច្រើនបានណែនាំឱ្យ អ៊ឹង និមល ស្រឡាញ់គ្នាជាមួយជនបរទេសនៅខាងប៉ែកអឺរ៉ុប ច្រមុះស្រួច សប្បុរស ខ្ពស់ស្រឡះ ថែមទាំងជាអ្នកមានទ្រព្យនិងមុខជំនួញជាច្រើន ប៉ុន្តែ អ៊ឹង និមល បែរជាមិនចាប់អារម្មណ៍ទៅវិញ ជាក់ស្តែងកាលពីអំឡុងតារាស្រី ទឹម រដ្ឋា រៀបការកន្លងមកនេះ អ៊ឹង និមល បានធ្វើជាកូនកំដរស្រី រហូតត្រូវបានជនបរទេសជាច្រើនទាក់ទងសុំស្នេហ៍និងចង់បាននាង ជាគូ ។
អ៊ឹង និមល បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា បុរសដែលនាងចង់ជ្រើសរើសជាគូ គឺជាបុរស ខ្មែរ ឬ បុរសអាស៊ី បើបុរស អឺរ៉ុប នាងសុំឆ្លើយថា «NO» ពីព្រោះមិនសូវចូលចិត្ត ណាមួយបុរស អឺរ៉ុប មើលទៅពិបាកនិយាយគ្នាណាស់ ។
ថ្វីដ្បិតតែបង្ហាញពីបុរសក្នុងក្តីស្រមៃរបស់ខ្លួន អ៊ឹង និមល នៅពុំទាន់រកឃើញដៃគូជីវិតឃើញឡើយ នាងសង្ឃឹមថា អាចនឹងជួបជីវិតគូក្នុងពេលឆាប់ៗនេះ ពីព្រោះនាងមានវ័យច្រើនគួរសមហើយ ។
ពេលនេះតារាសម្តែង និងបង្ហាញម៉ូដ អ៊ឹង និមល មិនទទួលការងារថតភាពយន្តច្រើនដូចមុនទេ ដោយនាងចង់ទុកពេលវេលាដើម្បីថែរក្សាសម្រស់ និងស្បែកឱ្យស្រស់ស្អាត ដើម្បីត្រៀមទទួលការងារថ្មី ។ តែសម្រាប់អ្នកសិល្បៈមួយចំនួននិយាយថា អ៊ឹង និមល ប្រឹងថែរក្សាសម្រស់ឱ្យស្រស់ស្អាតដើម្បីត្រៀម ខ្លួនធ្វើជាកូនក្រមុំ ៕
សូមបញ្ចេញមតិនៅទីនេះ