ពុធ , 20 កក្កដា 2022
មន្រ្តីជាន់ខ្ពស់របស់ FIFA បានចូលជួបសម្ដែងការគួរសមចំពោះ ឯកឧត្តម សៅ សុខា
(បាល់ទាត់)៖ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២ មន្រ្តីរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Niko Nhouvannasak អ្នកសម្របសម្រួលគម្រោងអភិវឌ្ឍរបស់ FIFA និងកញ្ញា Alexandra Huete Ramos អ្នកសម្របសម្រួលគម្រោងបាល់ទាត់តាមសាលា របស់ FIFA បានចូលជួបសម្ដែងការគួរសមចំពោះ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
យោងតាមគេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ការជួបសម្ដែងការគួរសមចំពោះ ឯកឧត្តម សៅ សុខា កើតឡើង ក្រោយបានបញ្ចប់បេសកកម្មចុះត្រួតពិនិត្យទីលានសាលាតម្រង់ទិសនៅតាមរាជធានីខេត្ត ដើម្បីរៀបចំគម្រោងពិធីសម្ភោធទីលានទាំង ២៥រាជធានី-ខេត្ត។
បើតាមការបញ្ជាក់ កិច្ចសំណេះសំណាលនេះ បានពិភាក្សាលើហេដ្ឋារចនាសម្ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា និងសិក្សាលើគម្រោងអភិវឌ្ឍន៍កីឡាករថ្នាលនៅតាមសាលារៀន ចាប់ពីអាយុ៦ឆ្នាំ ដល់ ១៤ឆ្នាំ និងកម្មវិធីហ្វឹកហាត់កីឡាបាល់ទាត់ ជាមួយនាយកដ្ឋានកីឡាតាមបណ្តារាជធានី-ខេត្ត។
គួរបញ្ជាក់ថា ទីលានបាល់ទាត់សាលាតម្រង់ទិស គឺជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមរយៈថវិការ សបក រួមជាមួយជំនួយរបស់ FIFA ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចាប់ផ្ដើម តាំងពីឆ្នាំ២០១៧ ហើយបានបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២១ នៃការសាងសង់ទីលានស្មៅធម្មជាតិស្តង់ដាតាមបណ្ដារាជធានី-ខេត្ត ក្នុងគោលដៅអភិវឌ្ឍយុវជនគ្រប់កំរិត ដើម្បីបង្កើតអោយមានច្រើននូវធនធានកីឡាករ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា៕
សូមបញ្ចេញមតិនៅទីនេះ