ក្រោយចែកផ្លូវជាមួយសេះបង្កង់! Paulo Dybala រកទ្រនំថ្មីបានហើយ
(បាល់ទាត់)៖ ខ្សែបម្រើប្រយុទ្ធ Paulo Dybala បានចុះកុងត្រាចូលរួមជាមួយ AS Roma ដោយគ្មានតម្លៃខ្លួន ក្រោយអស់កុងត្រាជាមួយ Juventus កាលពីខែមិថុនា។
កីឡាករវ័យ ២៨ឆ្នាំ ទទួលបានកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយក្រុមលោក Jose Mourinho។ Dybala រកបាន ១១៥ ក្នុងការបង្ហាញខ្លួន ២៩៣ប្រកួតឲ្យ Juventus ក្រោយផ្លាស់ពីក្លិប Palermo កាលពីឆ្នាំ២០១៥ និងធ្លាប់បានឈ្នះពាន Serie A ចំនួន ៥ដង។
Dybala បានក្លាយជាកីឡាករចំណូលថ្មីទី៤ ដែល Roma ទិញចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីការមកដល់របស់ខ្សែបម្រើ Nemanja Matic អ្នកចាំទី Mile Svilar និងខ្សែការពារ Zeki Celik។ កីឡាករសញ្ជាតិអាហ្សង់ទីន នឹងពាក់លេខ ២១ក្នុងក្លិបថ្មី ដែលជាលេខគេពាក់នៅជម្រើសជាតិ និង ២រដូវកាលដំបូងជាមួយ Juventus។
Manchester United និង Spurs ធ្លាប់ទាក់ទងចង់បាន Dybala កាលពីឆ្នាំ២០១៩ ប៉ុន្តែត្រូវ Juvenuts បដិសេធមិនលក់។ ក្រោយអស់កុងត្រាជាមួយក្រុមរហស្សនាមសេះបង្កង់ ក្លិប Inter Milan បានព្យាយាមចរចាជាមួយ Dybala យ៉ាងស្អិត ប៉ុន្តែចុងក្រោយគេសម្រេចចិត្តទៅលេងនៅ Roma៕
សូមបញ្ចេញមតិនៅទីនេះ