ល្បីខ្លាំងពេក ម្ចាស់បទ «មិនអាចឃាត់ទេ» ត្រៀមចេញចម្រៀងនេះជាផ្លូវការ
បទចម្រៀងមួយបទមានចំណងជើងថា «មិនអាចឃាត់ទេ» កំពុងផ្ទុះកក្រើក យ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យ ល្បីគ្រប់បណ្តាញសង្គមលឺសូរតែបទចម្រៀងនេះ បន្ទាប់ពីបេក្ខជន ថុល សុភិទិ យកទៅបកស្រាយក្នុងកម្មវិធីប្រកួត Cambodia Idol រដូវកាលទី៤ ដោយលោកបានបញ្ជាក់ថា ម្ចាស់បទចម្រៀងដើមគឺជាលោក ម៉ម ពេជ្ជរិទ្ធ ធ្វើឱ្យសន្ធឹកនៃការគាំទ្រកាន់តែខ្លាំងឡើង។
យ៉ាងណា ក្រឡេកមកម្ចាស់ដើមវិញ មិនបង្ហាញអារម្មណ៍អាក់អន់ចិត្តអ្វីនោះទេ ប៉ុន្តែលោកបានបង្ហាញអារម្មណ៍សប្បាយចិត្តទៅវិញ ដែលមហាជនគាំទ្របទចម្រៀងរបស់លោក ខណៈ លោក ពេជ្ជរិទ្ធ បានប្រកាសនៅលើបណ្តាញសង្គមទៀតថា នឹងមានគម្រោងរៀបចំចេញបទចម្រៀង «មិនអាចឃាត់ទេ» ជាផ្លូវការឆាប់ៗ ព្រោះបទនេះកន្លងមកមិនបានចេញជា official ឡើយ ត្រឹមបកស្រាយក្នុងការប្រគំតន្រ្តីរបស់ Smallworld Smallband ក្រុមតូច កាលពីជាង១ឆ្នាំមុន ។
ម៉ម ពេជ្ជរិទ្ធ រៀបរាប់ថា «សូមអរគុណបងប្អូនទាំងអស់គ្នាដែលស្រលាញ់គាំទ្រ ចម្រៀង មួយបទនេះ ក៏សូមអធ្យាស្រ័យដែលខ្ញុំបាទ មិនទាន់បានត្រៀម រៀបចំចេញចម្រៀងនេះជាផ្លូវការ តែយ៉ាងណា ខ្ញុំបាទ និង ព្យាយាមផលិត អោយបាន ឆាប់ក្នុងពេលខាងមុខនេះ សូមរង់ចាំទាំងអស់គ្នា»។
ថ្វីដ្បិតថា ក្រុម Smallworld Smallband ក្រុមតូច ប្រកាសរំសាយក្រុមក្តី ប៉ុន្តែភាពល្បីល្បាញក្រុមនេះនៅតែដក់ជាប់អារម្មណ៍មហាជន ទោះសមាជិកបានផ្តោតសកម្មភាពរៀងៗខ្លួនក្តីនៅតែទទួលបានការគាំទ្រ។ តួយ៉ាង តារាចម្រៀងសំនៀងផ្អែម ម៉ម ពេជ្ជរិទ្ធ ក៏ទទួលបានការគាំទ្រមិនធម្មតាតាមរយៈបទ «បាត់គោចួបស្នេហ៍» «រាំទាំងទឹកភ្នែក» ជាដើម ក្នុងនាមជាតារាចម្រៀងទោលដែលពោរពេញដោយសមត្ថភាព៕
សូមបញ្ចេញមតិនៅទីនេះ