Sadio Mane ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់អាហ្រ្វិក
(បាល់ទាត់)៖ ខ្សែបម្រើប្រយុទ្ធ Sadio Mane ទទួលបានសម្លេងគាំទ្រច្រើនជាងគេ ក្លាយជាម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់អាហ្រ្វិក។
ការដែលនាំឲ្យ Mane ទទួលបានពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់អាហ្រ្វិក សម្រាប់ឆ្នាំ២០២២ បន្ទាប់ពីរូបគេបានជួយសេណេហ្គាល់ឈ្នះពាន Africa Cup of Nations ជាលើកដំបូង។ ជាមួយក្លិបអាជីពវិញ គេបាននាំហង្សក្រហម Liverpool លើកពាន League Cup និង FA Cup។
កីឡាករដែលទើបផ្លាស់ទៅកាន់ក្រុម Bayern Munich ទទួលបានសម្លេងគាំទ្រច្រើនជាងអតីតមិត្តរួម Mohamed Salah និងអ្នកចាំទី Edouard Mendy របស់តោខៀវ Chelsea។ នេះគឺជាលើកទីពីរហើយដែល Mane វ័យ៣០ឆ្នាំឈ្នះពានរង្វាន់ខាងលើ ដោយលើកដំបូងទទួលបាននៅឆ្នាំ២០១៩។
កម្មវិធីប្រគល់ពានដែលរៀបចំដោយសហព័ន្ធបាល់ទាត់ទ្វីបអាហ្រ្វិក បានផ្អាកអស់រយៈពេល ៣ឆ្នាំទៅហើយ ក្រោយមានការរាតត្បាតពីជំងឺកូវីដ។ Mane ក៏បានក្លាយជាកីឡាករអាហ្រ្វិកទី១០ បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំលើសពីមួយ៕
សូមបញ្ចេញមតិនៅទីនេះ