អតីតខ្សែប្រយុទ្ធគិរីវង់សុខសែនជ័យ យល់ព្រមចូលរួមជាមួយ Suphanburi FC លីគលំដាប់ទី២ថៃ
(បាល់ទាត់)៖បន្ទាប់ពីនាំចូលខ្សែប្រយុទ្ធស្លាប Matheus Souza ជនជាតិប្រេស៊ីល ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់នគរបាលជាតិ, សូលទីឡូអង្គរ និង ភ្នំពេញក្រោន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។
ពេលនេះក្លិបបាល់ទាត់ Suphanburi F.C នៃក្របខណ្ឌ Thai League 2 ឬលីគលំដាប់ទី២ របស់ប្រទេសថៃ ប្រកាសនាំចូលអតីតខ្សែប្រយុទ្ធគិរីវង់សុខសែនជ័យ គឺកីឡាករ Douglas Tardin។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ កើតនៅក្នុងឆ្នាំ១៩៩២ បច្ចុប្បន្នមានវ័យ៣០ឆ្នាំ ធ្លាប់លេងឲ្យក្លិប FC Wangen bei Olten ក្នុងលីគទី២ កម្រិតជាតិ (Nationalliga B) នៃប្រទេសស៊ុយអែត ហើយបានផ្លាស់មកកាន់លីគកំពូលរបស់ប្រទេសវៀតណាមនៅរដូវកាល ២០១៨/២០១៩ ជាមួយនឹងក្លិប Quảng Nam FC និងចូលរួមជាមួយក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ នៅឆ្នាំ ២០២១។
បច្ចុប្បន្នក្លិបបាល់ទាត់ Suphanburi មិនទាន់មានគ្រូបង្វឹកដឹកនាំនៅឡើយទេ ក្រោយបណ្តេញលោក Adebayo Gbadebo ចេញពីតំណែង បន្ទាប់ពីបញ្ចប់រដូវកាលឈរលេខរៀងទី១៤ ដោយឆ្លងកាត់៣០ប្រកួត ឈ្នះ៨ ស្មើ៦ និងចាញ់១៦ មាន៣០ពិន្ទុប៉ុណ្ណោះ៕
សូមបញ្ចេញមតិនៅទីនេះ