ច័ន្ទ , 25 កក្កដា 2022
ជីជី រវល់កើបលុយនិងមុខរបរលក់លៀសហាល ទើបអត់ខ្វល់រឿងការប្តី!
ភ្នំពេញ ៖ ពិធីការិនី និងជាតារាសម្តែង ជីជី មានវ័យកាន់តែច្រើនហើយ តែនាងមិនខ្វល់រឿងរៀបការមានប្តីសីសោះ ទោះបីជាមិត្តភក្តិជាច្រើនបានរៀបការជាបន្តបន្ទាប់តែនាងនៅបន្តជីវិតនៅលីវ យ៉ាងសប្បាយរីករាយជាមួយមុខរបររកស៊ីលក់លៀសហាល ។
មួយរយៈពេលចុងក្រោយនេះពិធីការិនី ជីជី មិនសូវមមាញឹកការងារក្នុងសិល្បៈនោះទេ រហូតធ្វើឱ្យទស្សនិកជនជាច្រើនគិតថា តារាស្រីរូបនេះបោះបង់សិល្បៈលែងខ្វល់ពីអាជីពនេះទៀតហើយ ដោយសារនាងមានអាជីវកម្ម ជាច្រើនកន្លែងត្រូវមើលទទួលខុសត្រូវ ប្រៀបដូចជាមិត្តស្និទ្ធស្នាលនាងគឺ កញ្ញា ប៊េប៊ឺ ជាដើម សុខចិត្តបោះបង់សិល្បៈ ទៅបើកហាងកាហ្វេ ។
ជីជី មិនត្រឹមតែបាត់មុខពីកម្មវិធីទូរទស្សន៍នោះទេ សូម្បីតែខាងវិស័យសម្តែង ក៏មិនឃើញវត្តមាននាង ដូចមុនដែរ តែទោះជាយ៉ាងនេះក្តី ជីជី តែងតែបង្ហាញសកម្មភាពខ្លួនឱ្យទស្សនិកជនបានឃើញតាមរយៈ ហ្វេសប៊ុក របស់ខ្លួនជាមួយនិងការងាររកស៊ី ។
ជីជី គឺជាតារាល្បីនិងលេចធ្លោមួយរូបដែលបានបើករបររកស៊ីលក់លៀសហាលជាច្រើនឆ្នាំមកហើយ អាជីវកម្មនេះបានធ្វើឱ្យជីវិតនាងកាន់តែធូធារឡើង រហូតបានពង្រើកសាខាជាច្រើនកន្លែង ។ ទស្សនិកជនជាច្រើនឆ្ងល់ថា តើហេតុអ្វីបានជាតារាស្រីរូបនេះងាកមកសន្សំប្រាក់កាក់ល្អិតលក់ លៀសហាល លក់ក្តាមខ្យងទៅវិញ ? ជីជី ធ្លាប់បានប្រាប់ថា នាងស្រឡាញ់និងចូលចិត្តមុខរបររកស៊ីនេះ មិនថាទទួលបានប្រាក់ចំណូលតិចឬច្រើន តែជាការងារដែលនាងស្រឡាញ់នាងមិនខ្វល់អ្វីទាំងអស់ ។
ជីជី ថា ពេលនេះមិនខ្វល់រឿងរៀបការមានប្តីសីអីទេ សំខាន់ខំប្រឹងរកលុយចិញ្ចឹមជីវិត និងមើលមុខរបររកស៊ីខ្លួនឱ្យ រីកចម្រើន រឿងរៀបការគង់តែរៀបការទេ គ្រាន់តែយូរហើយឆាប់ បើនៅម្នាក់ឯងសប្បាយចិត្តជាង នៅម្នាក់ឯងសិនទៅ ព្រោះឃើញគេរៀបការមិនបានប៉ុន្មាផង ខ្លះបែកគ្នាទៅហើយ បើដល់គូចង់គេចក៏គេចមិនរួចដែរ ។
ថ្វីដ្បិតតែពុំទាន់មានគម្រោងរៀបការតែ កញ្ញា ជីជី មានគូស្នេហ៍រួចហើយ អ្នកទាំងពីរបានស្រឡាញ់គ្នាអស់ជាច្រើនឆ្នាំគ្រាន់តែពុំទាន់ដឹកដៃគ្នាចូលរោងការ ៕
សូមបញ្ចេញមតិនៅទីនេះ