អង្គារ , 26 កក្កដា 2022
Klopp ថា Mane អាចលេងដល់អាយុក្បែរ ៤០ឆ្នាំ ដោយសារកត្តាមួយនេះ
(បាល់ទាត់)៖ អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានលើកឡើងថា ខ្សែបម្រើប្រយុទ្ធ Sadio Mane អាចលេងរហូតដល់អាយុ៣៨ឬ៣៩ឆ្នាំ ដោយសារតែកត្តារាងកាយដ៏អស្ចារ្យរបស់គេ។
កីឡាករសញ្ជាតិសេណេហ្គាល់ដែលសល់កុងត្រាមួយឆ្នាំជាមួយ Liverpool បានផ្លាស់ទៅកាន់ Bayern Munich ក្នុងតម្លៃខ្លួន២៧,៤លានផោន ជាមួយកុងត្រារយៈពេល៣ឆ្នាំ។ លោក Klopp ជឿជាក់ថា កីឡាករវ័យ៣០ឆ្នាំដែលរកបាន២៣គ្រាប់គិតគ្រប់កម្មវិធីកាលពីរដូវកាលមុននឹងលេងដល់ឆ្នាំ២០៣០ ដោយសារអំណោយផលរាងកាយ។
“គេនឹងលេងបានច្រើនឆ្នាំទៅមុខទៀត។ គេអាចលេងរហូតដល់អាយុ៣៨ឬ៣៩ឆ្នាំជាមួយកាយសម្បទាដ៏ល្អរបស់គេ។ Bayner ពេលនេះមានកីឡាករដ៏ល្អម្នាក់ ដែលពួកយើងធ្លាប់មានគេ៦ឆ្នាំមកហើយនេះ។ Mane ចង់ចាកចេញដោយខ្លួនឯង ហើយពួកយើងបានប្រតិកម្មនិងព្យាយាមធ្វើវាអស់ពីសមត្ថភាពហើយ។ ខ្ញុំគ្មានបញ្ហាអ្វីទេ ទោះបីពួកយើងនៅនឹកគេក៏ដោយ”។ សម្ដី Klopp។
Mane ថ្មីៗនេះទើបតែប្រជែងឈ្នះអតីតមិត្តរួមក្រុម Mohamed Salah ក្នុងការគ្រងពានរង្វាន់កីឡាករឆ្នើមប្រចាំទ្វីអាហ្វ្រិក សម្រាប់ឆ្នាំ២០២២ ក្រោយជួយសេណេហ្គាល់លើកពាន Africa Cup of Nations និងបានកៅអីទៅលេង World Cup៕
សូមបញ្ចេញមតិនៅទីនេះ