ពុធ , 27 កក្កដា 2022
ក្រោយលេងនៅលីកអឺរ៉ុបអស់ចិត្ត Suarez សម្រេចទៅលេងនៅស្រុកកំណើតវិញ នៅអ៊ុយរុយហ្គាយ
(បាល់ទាត់)៖ អតីតកីឡាកររបស់ Liverpool និង Barcelona ខ្សែប្រយុទ្ធ Luis Suarez បានឈានដល់កិច្ចព្រមព្រៀងបឋមជាមួយក្លិប Nacional ដែលស្ថិតក្នុងលីគកំពូលរបស់អ៊ុយរុយហ្គាយ។
ប្រាប់លើបណ្ដាញសង្គម Twitter កីឡាករវ័យ ៣៥ឆ្នាំ បាននិយាយលម្អិតអំពីការចរចា និងសង្ឃឹមកិច្ចព្រមព្រៀងអាចបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។ Suarez បានក្លាយជាកីឡាករទំនេរគ្មានក្លឹបលេង ក្រោយចាកចេញពី Atletico Madrid ពេលដែលកុងត្រារបស់គេបានអស់។
មែនទែនទៅ Suarez កើតចេញពីយុវជនរបស់ក្លិប Nacional និងបានឡើងមកលេងនៅឈុតធំក្នុង ឆ្នាំ ២០០៥។ រដូវកាលដំបូងជាមួយឈុតធំ គេបានជួយក្រុមឈ្នះពានលីគកំពូលរបស់អ៊ុយរុយហ្គាយ ត្រឹមវ័យ ១៨ឆ្នាំ។ ឆ្នាំ ២០០៦ Suarez ក៏បានផ្លាស់ទៅកាន់ក្លិបនៅហុល្លង់ Groningen មុនពេលទៅលេងនៅ Ajax, Liverpool, Barcelona និង AT Madrid។
អ្នកគាំទ្ររបស់ Nacional បានបង្ហាញការពេញចិត្ត បន្ទាប់ពីឮដំណឹងក្លឹបទាក់ទងជាមួយ Suarez។ កាលពីប្រកួតថ្មីកន្លងទៅ អ្នកគាំទ្រ Nacional ប្រមាណ ២ម៉ឺននាក់ បានពាក់ស្រោមមុខ Suarez ក្នុងន័យគាំទ្រពេញទំហឹង សម្រាប់ការត្រលប់មកវិញនៃកីឡាកររបស់ខ្លួន៕
សូមបញ្ចេញមតិនៅទីនេះ