ពុធ , 27 កក្កដា 2022
សួង ស៊ីធឿន ការងារសិល្បៈរកលុយមិនបានរត់ទៅបើកអាជីវកម្មផ្ទះសំណាក់ !
ភ្នំពេញ ៖ តារាសម្តែង សួង ស៊ីធឿន បានរត់ទៅបើកអាជីវកម្មផ្ទះសំណាក់ជាច្រើនកន្លែង បន្ទាប់ពីការងារសិល្បៈមិនអាចរកប្រាក់ចំណូលបានច្រើនដូចមុន ។
សិល្បការិនីជាច្រើនបាននាំគ្នាបោះទុនប្រាក់រាប់ម៉ឺនដុល្លារក្នុងការរកស៊ីលក់គ្រឿងសំអាង និងផលិតផលថែរក្សាសម្រស់ជាដើម ដោយឡែកតារាសម្តែង សួង ស៊ីធឿន បែរជាខុសគេទៅវិញ នាងបានបោះទុនប្រាក់យ៉ាងច្រើនដើម្បីបើកផ្ទះសំណាក់ ។
ផ្ទះសំណាក់ដែលតារាសម្តែង សួង ស៊ីធឿន បានបើកនេះមានទីតាំងនៅផ្លូវ ២០០៤ ហើយនាងមានគម្រោងនឹងបើកមួយកន្លែងទៀតដែលមានលក្ខណៈធំជាងមុន ពីព្រោះនាងបានទិញដី និងត្រៀមការសាងសង់ក្នុងពេលឆាប់ៗខាងមុខ ដោយនាងបានត្រៀមប្រាក់ក្បែរ ១០ ម៉ឺនដុល្លារដើម្បីបើកអាជីវកម្មនេះ ។
សួង ស៊ីធឿន ជាតារាស្រីមួយរូបដែលមិនធ្លាប់បង្ហាញពីជីវិតហ៊ឺហាររបស់ខ្លួនឱ្យគ្រប់គ្នាបានឃើញឡើយ នាងចូលចិត្តធ្វើខ្លួនធម្មតាៗ ប៉ុន្តែនិយាយពីទ្រព្យសម្បត្តិនាងមានដីផ្ទាល់ខ្លួនជាច្រើនកន្លែង ។ សួង ស៊ីធឿន បានងាកទៅបើកអាជីវកម្មនេះ ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ ១៩ កាលពីឆ្នាំមុន ក្រោយពីរកប្រាក់ចំណូពីអាជីពសិល្បៈមិនបាន នាងថា ពេលនេះនាងរវល់មើលការងារខុសត្រូវផ្ទះសំណាក់ ដូច្នេះមិនសូវមានមុខនាងនៅលើរឿងដុំដូចមុនទេ តែទោះជាយ៉ាងណានាងនៅតែទទួលថតរឿង ១ ទៅ ២ រឿងដែរក្នុងមួយឆ្នាំដើម្បីបំរើអារម្មណ៍ទស្សនិកជន ។ ជីវិតបើមិនខំប្រឹងទេគឺពិតជាពិបាកណាស់ បើពឹងតែលើអាជីពសិល្បៈមួយមុខ ច្បាស់ជាមិនរស់ទេ ព្រោះប្រាក់ចំណូលដែលបានពីអាជីពសម្តែងគឺតិចតួចណាស់ ចេះតែខំប្រឹងទៅ ។
កញ្ញា សួង ស៊ីធឿន បានបញ្ជាក់បន្ថែមថា ថវិកាដែលនាងបានយកទៅបើករកស៊ីគឺជាថវិការផ្ទាល់ខ្លួន នាងដែលបានសន្សំទុកជាយូរមកហើយ ហើយក៏មានការជួយជ្រោមជ្រែងពីក្រុមគ្រួសារខ្លះៗ ទើបនាងអាចដើរដល់ចំណុចនេះបាន នាងពិតជាស្រឡាញ់អាជីវកម្មនេះខ្លាំងណាស់ ទៅថ្ងៃអនាគតនាងមាន គម្រោងបើកអាជីវកម្មនេះជាច្រើនកន្លែងផ្សេងទៀតទៅតាមលទ្ធភាពដែលខ្លួនមាន៕
សូមបញ្ចេញមតិនៅទីនេះ