បិសាចក្រហម ត្រៀមខ្លួនលក់ Ronaldo បើទោះបីជា Erik ten Hag អះអាងយ៉ាងណាក៏ដោយ
(បាល់ទាត់)៖ លោក Erik ten Hag បានយល់ព្រមជាលក្ខណៈឯកជនជាមួយក្រុមប្រឹក្សាភិបាលរបស់ Manchester United ថា ក្លឹបគួរតែលក់ Cristiano Ronaldo ប្រសិនបើមានការផ្ដល់ជូនណាមួយ ទោះបីជាមានការអះអាងរបស់អ្នកចាត់ការសញ្ជាតិហូឡង់ ថា កីឡាករវ័យ ៣៧ឆ្នាំរូបនេះ មិនមែនសម្រាប់លក់ក៏ដោយ។
ប្រធានក្រុមព័រទុយហ្គាល់ បានស្នើសុំចាកចេញពីក្លឹប កាលពីខែមុន ហើយមិនមានវត្តមានក្នុងដំណើរទេសចរណ៍មុនបើករដូវកាលរបស់បិសាចក្រហម ទៅកាន់ប្រទេសថៃ និងអូស្ត្រាលីនោះទេ។
យ៉ាងណាមិញ Ronaldo បានត្រលប់មកហ្វឹកហាត់វិញជាលើកដំបូងកាលពីថ្ងៃអង្គារ ប៉ុន្តែគាត់ត្រូវបានចូលរួមដោយភ្នាក់ងាររបស់គាត់គឺ Jorge Mendes ខណៈដែលគាត់បានបើកឡានចូល Carrington ។
ជាការពិត Ten Hag បានទទូចម្ដងហើយម្ដងទៀតថា Ronaldo មិនមែនសម្រាប់លក់ទេ ហើយថាគាត់បានរៀបចំផែនការ សម្រាប់រដូវកាលខាងមុខជាមួយកីឡាករព័រទុយហ្គាល់រូបនេះ។
ឥឡូវនេះ បន្ទាប់ពីការប្រកួតមិត្តភាពកម្ដៅសាច់ដុំមុនបើករដូវកាល បិសាចក្រហម មានអារម្មណ៍ថា ក្លឹបមានទម្រង់លេងយ៉ាងល្អបំផុត នៅពេលដែលគ្មានវត្តមាន Ronaldo ហើយថាការបញ្ចូលគាត់ទៅក្នុងក្រុមឡើងវិញ អាចបង្កជាបញ្ហាទៅវិញ ទោះបីជាគុណភាពជាក់ស្តែងរបស់គាត់ល្អក៏ដោយ។
ជុំវិញបញ្ហានេះ SkySports និយាយថា ជំហរសាធារណៈរបស់ United មិនផ្លាស់ប្តូរទេ ប៉ុន្តែនៅពីក្រោយឆាក ក្រុមប្រឹក្សាភិបាល និង Ten Hag បានយល់ព្រមស្តាប់ការផ្តល់ជូន សម្រាប់ខ្សែប្រយុទ្ធ។
Man United បានចំណាយប្រាក់ 12 លានផោនដល់ Juventus ដើម្បីចុះហត្ថលេខាលើ Ronaldo កាលពីរដូវក្តៅមុន ហើយពួកគេចង់បានតម្លៃស្រដៀងគ្នានេះ ទើបអនុញ្ញាតឱ្យគាត់ចាកចេញ។
ប៉ុន្តែបញ្ហានៅត្រង់ថា ចំនួនអ្នកចង់បាន Ronaldo ហាក់មានការថយចុះ។ Bayern Munich បានដកខ្លួនចេញពីការប្រជែង ដើម្បីចុះហត្ថលេខាលើ Ronaldo ខណៈដែលគ្រូបង្វឹក Chelsea លោក Thomas Tuchel មិនចាប់អារម្មណ៍ នឹងកីឡាកររូបនេះនោះទេ។ Atletico Madrid គឺជាក្លឹបចុងក្រោយគេ ដែលបដិសេធការពិភាក្សាអំពីការផ្លាស់ប្តូរសម្រាប់ Ronaldo ដោយសារតែក្លឹបមិនមានប្រាក់ ដើម្បីផ្តល់ប្រាក់ឈ្នួលរបស់គាត់៕
សូមបញ្ចេញមតិនៅទីនេះ