Juventus ចង់បានកីឡាករម្នាក់នេះមកជំនួសកន្លែង Pogba ដែលមានរបួស
(បាល់ទាត់)៖ ក្លិបសេះបង្កង់ Juventus កំពុងស្វែងរកអ្នកមកជំនួសកន្លែងខ្សែបម្រើ Paul Pogba ដែលជួបបញ្ហារបួស ហើយ Saul Niguez ស្ថិតក្នុងគោលដៅក្លិបចង់បាន។
Pogba សញ្ជាតិបារាំងប្រឈមមុខសម្រាកជាច្រើនខែ បន្ទាប់ពីរបួសជង្គង់អំឡុងពេលហ្វឹកហាត់។ នេះជាសុបិនអាក្រក់ក្នុងការវិលត្រឡប់មកកាន់ទីក្រុង Turin ជាលើកទីពីរសម្រាប់ Pogba ក្រោយចំណាយពេល៧ឆ្នាំរួមរស់នៅ Manchester United។
ក្នុងនោះគេក៏មានក្ដីបារម្ភខ្លាចកីឡាករវ័យ២៩ឆ្នាំខកខានមិនបានលេងនៅព្រឹត្តិការណ៍ World Cup ដោយសារតែរបួសអាចធ្ងន់ធ្ងររហូតឈានដល់ការវះកាត់។ កត្តានេះហើយធ្វើឲ្យ Juventus បានដាក់ការចាប់អារម្មណ៍លើខ្សែបម្រើអេស្ប៉ាញ Saul Niguez ដែលបានចំណាយពេលខ្ចីជើងមួយរដូវកាលជាមួយ Chelsea កាលពីរដូវកាលមុន។
កីឡាករវ័យ ២៧ឆ្នាំ ដែលជាកម្មសិទ្ធិរបស់ក្លិប AT Madrid បង្ហាញខ្លួននៅ Premier League បានតែ ១០ប្រកួតប៉ុណ្ណោះជាមួយតោខៀវ។ ក្រោយពីលក់ខ្សែការពារ Matthijs de Ligt ទៅឲ្យ Bayern Munich ក្លិប Juventus ពេលនេះចង់ទិញ Saul ដើម្បីមកជំនួសកន្លែង Pogba៕
សូមបញ្ចេញមតិនៅទីនេះ