ឯកឧត្តម យី វាសនា ៖«ថ្ងៃនេះគឺជាថ្ងៃសប្បាយបំផុតសម្រាប់ប្រតិភូកីឡាជនពិការកម្ពុជា»
(ប៉ារ៉ាហ្គេម)៖ គណៈប្រតិភូ និងអត្តពលិកជនពិការកម្ពុជា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ បន្ទាប់ពីពិធីបើកការប្រកួតផ្លូវការកាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថា នៅថ្ងៃទី៣១ ខែកក្កដា នេះគឺជាថ្ងៃសប្បាយរីករាយបំផុត។
មែនទែនទៅ ភាពសប្បាយរីករាយ សម្រាប់គណៈប្រតិភូ និងអត្តពលិកជនពិការកម្ពុជាបានកើតមានឡើង បន្ទាប់ពីចូលរួមប្រកួតថ្ងៃទី១ បានឈ្នះមេដាយមាស១គ្រឿងជាលើកដំបូង។ ក្រុមបាល់បោះជិះរទេះពិការនារីកម្ពុជា បានប្រកួតឈ្នះក្រុមកីឡាបាល់បោះពិការនារីថៃ ដោយលទ្ធផល ៧-៥ សម្រាប់វិញ្ញាសានារី៣ទល់៣នាក់។
ជុំវិញការអបអរសាទរ និងជ័យជំនះដ៏អស្ចារ្យនេះ ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មអត្តពលិកជនពិការកម្ពុជាមកប្រទេសឥណ្ឌូនេស៊ី បានមានប្រសាសន៍ថា ៖«ថ្ងៃនេះគឺជាថ្ងៃដ៏សប្បាយរីករាយបំផុត។ នេះជាថ្ងៃទី៣ហើយ ប្រតិភូយើងខំប្រឹងយ៉ាងសស្រាក់សស្រាំខ្លាំងណាស់។ ដូចយើងបានសន្យាពីភ្នំពេញមកថា យើងបានកំណត់មេដាយមាសចំនួន ៣គ្រឿង និងប្រាក់ សំរឹទ្ធជាច្រើនទៀត។ ឥឡូវនេះយើងបានមេដាយមាស១ហើយ។ ក្រុមបាល់បោះពិការជិះរទេះនារីកម្ពុជា ៣ទល់៣ យើងបានសម្រេចគឺបានមេដាយមាសហើយ។ ក្រុមនារីនៅមានប្រកួតវិញ្ញាសា៥ទល់៥ទៀត»។
លោកបានបន្តថា «គណៈប្រតិភូយើងដែលដឹកនាំដោយឯកឧត្តម ម៉ានី ឯកឧត្តម វ៉ាត់ ចំរើន កំពុងចុះសិក្សាស្វែងយល់គ្រប់ទីកន្លែងប្រកួត។ ខ្ញុំជឿថា បទពិសោធន៍នេះនឹងចាប់យកបាន ហើយយកទៅវិញ កែច្នៃយ៉ាងមិចឲ្យកម្ពុជាយើងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងសហគមន៍អាស៊ាន។ មិនត្រឹមតែអត្តលិករបស់យើងទេដែលទទួលបានជោគជ័យ ហើយជាអំណរសាទររបស់យើងទាំងអស់គ្នា»។
គួររំលឹកថា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជា បានបញ្ជូនអត្តពលិកសរុប ១១៥នាក់ លើ១១ប្រភេទកីឡាចូលរួម គឺមានកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល (៧ម្ខាង) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ អត្តពលិកជនពិការកម្ពុជា រកបានមេដាយសរុបចំនួន ៧គ្រឿង ពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ដោយក្នុងនោះរួមមាន៖ មេដាយមាស ២គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង លើ៤ប្រភេទកីឡា ស្មើនឹង៧វិញ្ញាសា៕
សូមបញ្ចេញមតិនៅទីនេះ