ជោគជ័យណាស់! កម្ពុជា ឈ្នះមេដាយមាសលើសការរំពឹងទុកនៅអាស៊ានប៉ារ៉ាហ្គេមលើកទី១១
(ប៉ារ៉ាហ្គេ)៖ពិតជាមានមោទនភាពណាស់ កម្ពុជា បានសម្រេចគោលដៅមេដាយមាសតាមការគ្រោងទុកក្នុងការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ទាំងព្រឹត្តិការណ៍ប្រកួតមិនទាន់ចប់។
ជាការពិតណាស់ ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ធ្លាប់បាននិយាយថា កម្ពុជាបានកំណត់យកមេដាយមាសឲ្យបានចំនួន៣គ្រឿង ចំណែកមេដាយប្រាក់ និងសំរឹទ្ធ ត្រូវរកឲ្យបានច្រើនគ្រឿងពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីឆ្នាំ២០២២។
បើគិតត្រឹមថ្ងៃទី៣ ខែសីហា ក្រុមអត្តពលិកជនពិការកម្ពុជា បានឈ្នះមេដាយមាស៥គ្រឿង មេដាយប្រាក់៧ និងមេដាយសំរឹទ្ធ៦គ្រឿង។ សមិទ្ធផលនេះ មានន័យថា កម្ពុជាទទួលបានមេដាយមាសលើសចំនួនកំណត់ហើយ ពោលគឺលីសចំនួន២ ស្របពេលដែលមានវិញ្ញាសាជាច្រើនទៀត។
អ្វីដែលកាន់តែពិសេសទៀតនោះគឺថា មិនត្រឹមឈ្នះមេដាយមាសលើសគោលដៅកំណត់ប៉ុណ្ណោះទេ ប៉ុន្តែក្រុមអត្តពលិកជនពិការកម្ពុជា ឈ្នះបានមេដាយសរុបច្រើនជាងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមមុនៗទាំងអស់ ពោលគឺឈ្នះសរុប ១៨គ្រឿង ប្រៀបធៀបនឹងកាលឆ្នាំ ឆ្នាំ២០០១ បាន៣គ្រឿង, ឆ្នាំ២០០៣ បាន៩គ្រឿង, ឆ្នាំ២០០៥ បាន៥គ្រឿង, ឆ្នាំ២០០៧ បាន១គ្រឿង, ឆ្នាំ២០០៩ បាន៧គ្រឿង, ឆ្នាំ២០១១ បាន៧គ្រឿង, ឆ្នាំ២០១៣ ( ដើមឆ្នាំ២០១៤) បាន៩គ្រឿង, ឆ្នាំ២០១៥ បាន ៩គ្រឿង និងឆ្នាំ២០១៧ បាន១០គ្រឿង។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី បានចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជា បានបញ្ជូនកីឡាចំនួន១១៥នាក់ លើ១១ប្រភេទកីឡា៕
សូមបញ្ចេញមតិនៅទីនេះ