បិសាចក្រហម ភ្លាត់ចាញ់ Brighton ក្នុងប្រកួតដំបូងនៅ Premier League
(បាល់ទាត់)៖ ក្រុមបិសាចក្រហម Manchester United បានបរាជ័យក្នុងការប្រកួតដំបូងរបស់ខ្លួននៅ Premier League ក្រោមស្នាដៃក្រុម Brighton ។
ក្រុម Brighton បានធ្វើឱ្យអ្នកគាំទ្រម្ចាស់ផ្ទះភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីយកបាន៣ពិន្ទុ ពីក្រុម Manchester United ក្នុងការប្រកួតដំបូងនៅ Premier League ។
ក្នុងការប្រកួតយប់មិញនេះ គេសង្កេតឃើញថា លោក Erik ten Hag មិនបានដាក់កំពូលកីឡាករ Cristiano Ronaldo ក្នុងជម្រើស ១១នាក់ដំបូងនោះទេ ពោលគឺដាក់ Ronaldo ចូលលេងនៅតង់ទី២ ខណៈ Brighton កំពុងនាំមុខ ២-០។
ពីរគ្រាប់របស់ Brighton រកបានដោយខ្សែបម្រើប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Pascal Gross នាទី៣០ និងនាទី ៣៩ ខណៈមួយគ្រាប់របស់បិសាចក្រហម ជាការធ្វើឲ្យចូលទីខ្លួនឯង(Own Goal) របស់កីឡាករ Mac Allister។
ឆ្លងកាត់តាមការប្រកួតចំនួនដំបូងនៅ Premier League យើងឃើញថា ក្រុមមាន់ខ្លាយមាស Tottenham កំពុងឈរនៅកំពូលតារាងបណ្ដោះអាសន្ន ខណៈក្រុមកាំភ្លើងធំឈរនៅលេខ២ ស្របពេលដែលសារីកាព្រៃ Newcastle ឈរនៅលេខ៣។
គួរបញ្ជាក់ថា ក្រុមបិសាចក្រហម នឹងត្រូវជួបជាមួយ Brentford ក្នុងការប្រកួតទីពីរនៅ Premier League នៅថ្ងៃទី១៣ ខែសីហា ខាងមុខនេះ៕
សូមបញ្ចេញមតិនៅទីនេះ