Ten Hag ថា គ្រាន់តែ Ronaldo ប្ដូរចូល United ចាប់ផ្ដើមលេងប្រសើរឡើងវិញ
(បាល់ទាត់)៖ បើកឆាកប្រកួតដំបូង សម្រាប់រដូវកាលថ្មី Premier League របស់ក្រុមបិសាចក្រហម Manchester United បានប្រកួតចាញ់ Brighton យ៉ាងអាម៉ាស់ ក្នុងទឹកដីខ្លួនឯង។
Brighton រកបានគ្រាប់នាំមុខដោយខ្សែបម្រើប្រយុទ្ធ Pascal Gross នាទី៣០។ នៅ៩នាទីបន្ទាប់កីឡាករសញ្ជាតិអាល្លឺម៉ង់ដដែលធ្វើបានគ្រាប់ទីពីរឲ្យ Brighton។ យ៉ាងណាមិញ ឈានដល់វគ្គទីពីរបិសាចក្រហម តដៃបានមួយគ្រាប់វិញ ក្រោយខ្សែបម្រើ Alexix Mac Allister ធ្វើឲ្យចូលទីខ្លួនឯង។
ទម្រង់លេងរបស់ United មិនសូវជាល្អប៉ុន្មានទេសម្រាប់វគ្គទីមួយ ប៉ុន្តែគ្រប់យ៉ាងហាក់ល្អឡើងវិញពេលដែល Cristiano Ronaldo ប្ដូរចូលនៅវគ្គទីពីរ។ ប្រកួតនេះអ្នកចាត់ការសញ្ជាតិហុល្លង់ Ten Hag មើលឃើញថា ក្រុមរបស់ខ្លួនចាប់ផ្ដើមលេងប្រសើរឡើងវិញ បន្ទាប់ពីមានវត្តមាន Ronaldo លើទីលាន។
ប្រាប់សារព័ត៌មាន Sky Sport លោក Ten Hag បញ្ជាក់ថា ច្បាស់ណាស់នៅវគ្គទីពីរ United ប្រសើរឡើងវិញនៅតំបន់កណ្ដាលពេលដែលទម្លាក់ Eriksen ចុះ និងដាក់ Ronaldo ឲ្យប្រយុទ្ធ។ ក្រុមបានបង្កើតឱកាសល្អៗ តែស្ដាយមិនអាចរកគ្រាប់បាល់បាន។ Ronaldo ត្រូវការពេលបន្តិចទៀត ដើម្បីឲ្យកម្លាំងនិងកាយសម្បទាល្អឡើងវិញ ព្រោះទើបតែហាត់បានតែមួយសប្ដាហ៍៕
សូមបញ្ចេញមតិនៅទីនេះ