ករុណា ពេជ្រ ប្រកាសលក់ផ្ទះវីឡា តម្លៃវាល់លានដុល្លារ ដើម្បីសងធនាគារ និងដណ្តឹងប្រពន្ធ
មហាជនទាំងក្នុង និងក្រៅស្រុកភាគច្រើនតែងបានដឹងច្បាស់ថា តារាចម្រៀងប្រចាំផលិតកម្ម ថោន លោក ករុណា ពេជ្រ ជាបុគ្គលមានទ្រព្យស្តុក ព្រោះក្រៅពីរស់នៅក្នុងផ្ទះវីឡាតម្លៃវាល់លានដុល្លារហើយនោះ លោក ក៏ជិះរថយន្តទំនើបៗ តម្លៃរាប់សែនដុល្លារ និងមានភាពស៊ីវីល័យតាំងពីរូបគេចូលប្រឡូកអាជីពចម្រៀងនៅឆ្នាំ២០០៧ម្ល៉េះ។ ដូច្នេះហើយខណៈលោក ករុណា ពេជ្រ បែរជាមកប្រកាសលក់ផ្ទះវីឡា ដើម្បីសងធនាគារ និងដណ្តឹងប្រពន្ធនោះ ធ្វើឱ្យអ្នកគាំទ្រលោកមិនតិចទេបានគាំងយោបល់។
សម្រាប់ព័ត៌មានតារាចម្រៀងលោក ករុណា ពេជ្រ ប្រកាសលក់ផ្ទះកាលពីជាងមួយសប្តាហ៍មុន តែមិនបានប្រាប់ពីមូលហេតុនោះ ធ្វើឱ្យអ្នកតាមដានវិស័យសិល្បៈចម្រៀងខ្មែរមិនទាន់ជឿជាក់លើព័ត៌មាននោះថា ជាការពិតមួយរយភាគរយនោះទេ ។ បញ្ហានេះរហូតមានអ្នកខ្លះបានលើកឡើងនូវអំណះអំណានថា លោក ករុណា ពេជ្រ ជាអភិជន មានលុយវាល់លានដុល្លារមិនដែលជួបបញ្ហាជំពាក់ធនាគារ រហូតត្រូវលក់ផ្ទះសងនោះទេ ។
ជាការបន្ថែមសម្តីធ្វើឱ្យព័ត៌មានលក់ផ្ទះត្រូវគេជឿជាក់នោះលោក ករុណា ពេជ្រ បានឆ្លើយតបជាមួយ Lee News ថា រឿងបញ្ហាអត់លុយ គឺលោកកំពុងជួបពិតមែន បើមិនដូច្នេះទេ លោកក៏មិនប្រកាសលក់ផ្ទះវីឡានៅម្តុំក្រាំងធ្នង់នោះដែរ គឺលោកពិតជាជំពាក់ធនាគារពិតមែន ព្រោះផ្ទះនោះលោកបានទិញបង់លុយមួយចំនួន និងរំលស់មួយចំនួន ដូច្នេះហើយពេលនេះលោកជួបបញ្ហាសេដ្ឋកិច្ចទើបដាច់ចិត្តប្រកាសលក់ផ្ទះវីឡានេះក្នុងតម្លៃ ១លាន ៤៥ម៉ឺនដុល្លារ ហើយពេលនេះ ក៏មានអ្នកចូលចរចារច្រើននាក់ហើយដែរ គ្រាន់តែមិនទាន់ត្រូវតម្លៃគ្នាតែប៉ុណ្ណោះ។
តារាចម្រៀងនេះបន្តថារឿងហេតុខាងលើនេះ លោកកំពុងជួបប្រទះពិតមែន ព្រោះរូបលោកជាមនុស្សនិយាយត្រង់ៗ ពោលគឺបើខ្លួនឯងគ្មានពិតមែន ត្រូវនិយាយថាគ្មាន មិនត្រូវដើរអួតក្តែងៗថាខ្លួនជាអ្នកមាននោះទេ ព្រោះមានមនុស្សច្រើនដែលបានស្គាល់លោកច្បាស់ ដូច្នេះហើយលោកមិនអាចកុហកមហាជនបានទេ។
ខណៈលោក តាន់ ចន្ថា និពន្ធនាយក Lee News បានសួរបន្ថែមថា តើជំពាក់ធនាគារប៉ុន្មាន? ហើយបើសល់ពីសងធនាគារ តើលោកយកប្រាក់ដ៏ច្រើននេះធ្វើជំនួញអ្វី ? សំណួរនេះត្រូវបានលោក ករុណា ពេជ្រ ឆ្លើយតថា ចំនួនជំពាក់ធនាគារលោកសុំមិននិយាយទេ តែសម្រាប់លុយនៅសល់ពីសងធនាគារ គឺលោកនឹងយកទៅដណ្តឹងប្រពន្ធ ព្រោះពេលនេះលោកក៏មានអាយុ៣៩ឆ្នាំចាស់ដែរហើយដែរ នៅមិនទាន់មានគ្រួសារនឹងគេទេ ដូច្នេះហើយសមល្មមដល់ពេលលោកគិតគួររឿងនេះហើយ ប៉ុន្តែនារីរូបណា ដែលលោកត្រៀមដឹកដៃចូលរោងការក្រោយលក់ផ្ទះវីឡាដាច់នោះលោក ករុណា ពេជ្រ ប្រាប់ថា មិនទាន់ប្រាប់ទេចាំដល់ថ្ងៃចាំបង្ហាញតែម្តង៕
សូមបញ្ចេញមតិនៅទីនេះ