Chicharito សុទ្ធចិត្តលេងមិនយកប្រាក់ឈ្នួលឲ្យតែ United ត្រូវការ
(បាល់ទាត់)៖ក្លិប Manchester United បានចាប់ផ្ដើមរដូវកាលថ្មីមិនល្អឡើយ ដោយប្រកួតចាញ់ Brighton ក្នុងផ្ទះខ្លួនឯង ២-១ កាលពីចុងសប្ដាហ៍កន្លងទៅ។
ស្ថានភាពជុំវិញ Cristiano Ronaldo និងតម្រូវការពង្រឹងបន្ថែមរបស់ពួកគេក្នុងទីផ្សារដោះដូរកីឡាករគឺជាប្រធានបទដ៏ក្ដៅមួយក្នុងពិភពបាល់ទាត់។ យ៉ាងណាមិញ ស្រាប់តែពេលនេះមានអតីតកីឡាកររបស់បិសាចក្រហមម្នាក់គឺ Javier Chicharito Hernandezបានស្ម័គ្រចិត្តត្រឡប់មកវិញ ប្រសិនបើក្លិបចាស់ត្រូវការ។
Chicharito ដែលបច្ចុប្បន្នកំពុងលេងក្នុងលីគកំពូលអាមេរិកជាមួយក្លិប LA Galaxy បាននិយាយថា គេនឹងលេងដោយមិនយកប្រាក់ឈ្នួល ប្រសិនបើ United ចង់បានរូបគេត្រឡប់ទៅវិញ។ “ប្រសិនបើក្នុងវ័យរបស់ខ្ញុំ ហើយ United មកចរចា ខ្ញុំនឹងនិយាយថា ព្រម។ ហើយខ្ញុំនឹងលេងដោយមិនយកប្រាក់ឈ្នួល។ ច្បាស់ណាស់ ខ្ញុំអាចធ្វើបែបនេះបាន តែខ្ញុំក៏ត្រូវតែគោរពទៅកាន់ LA Galaxy ដូចគ្នា”។ សម្ដី Chicharito។
Chicharito វ័យ៣៣ឆ្នាំបានចុះកុងត្រាចូលរួមជាមួយ United កាលពីឆ្នាំ២០១០ ពីក្លិប Guadalajara និងលេងបានជាង១០០ប្រកួតឲ្យក្លិបស្ថិតក្នុង Premier League។
បន្ទាប់មកគេធ្លាប់ខ្ចីជើងទៅ Real Madrid មួយឆ្នាំ មុនពេលចុះកុងត្រាផ្ទេរទៅ Bayer Leverkusen, West Ham, Sevilla និងចុងក្រោយ LA Galaxy៕
សូមបញ្ចេញមតិនៅទីនេះ