ផ្ទុះបញ្ហាកាន់តែធំ ខណៈរឿង «បុព្វេសន្និវាស វគ្គ២» បង្ហាញរូបផែនទី ថៃ លយចូលដីខ្មែរ
មហាជន រួមទាំងតារាល្បីៗបានផ្ទុះប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីមានឈុត Trailer រឿង«បុព្វេសន្និវាស វគ្គ២» បានបង្ហាញផែនទី ប្រទេសថៃ លក្ខណៈ Animation មើលទៅហាក់លយចូលដីខ្មែរ និងថែមទាំងបញ្ជាក់ថា រូបភាពនេះស្ថិតក្នុង ព.ស ២៥៦៥ ទៅទៀត ពោលគឺស្របពេលរឿងខាងលើកំពុងចាក់បញ្ចាំង ក្នុងរោងកុនក្នុងប្រទេសកម្ពុជាផងដែរ ។ បញ្ហាមួយនេះកំពុងធ្វើឱ្យប៉ះពាល់អារម្មណ៍មហាជនខ្មែរជាខ្លាំង ជាពិសេសក្នុងចង្កោម យុវជន យុវតី អ្នកព្រួយបារម្ភបញ្ហាទឹកដី និងជាតិសាសន៍។
ប៉ុន្មានថ្ងៃនេះនៅលើបណ្តាញសង្គមហ្វេកប៊ុក បានផ្ទុះកក្រើកយ៉ាងខ្លាំង ដោយក្តីខឹងសម្បារ ពីប្រជាពលរដ្ឋកម្ពុជា ទៅលើភាពយន្ត ថៃ រឿង «បុព្វេសន្និវាស វគ្គ២» ដោយមានមហាជនជាច្រើនបានលើកឡើងថា ខាងភាគីថៃហាក់មានចេតនាម្តងហើយម្តងទៀត ក្នុងគោលបំណង ចង់បាន ឬបំពានមកលើទឹកដីកម្ពុជាបន្ថែមទៀតដោយមិនចេះអៀនខ្មាស។ ដើមទងនៃការកើតមានរឿងរ៉ាវនេះឡើង ត្រូវបានស្រទាប់យុវជន និងយុវតីខ្មែរ ដែលជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិនោះ បានលើកជាសំណួរ បាញ់មកក្រសួងពាក់ព័ន្ធយ៉ាងក្តៅគគុក ដោយមានមតិជាច្រើនសុំឱ្យមន្ត្រីជំនាញគ្រប់ស្ថាប័ន ចេញមុខបកស្រាយឱ្យបានច្បាស់ ទៅលើការឱ្យច្បាប់រឿង «បុព្វេសន្និវាស វគ្គ២» ចាក់បញ្ចាំងនៅក្នុងរោងកុនកម្ពុជា ទាំងដឹងច្បាស់ថា រឿងកុនមួយនេះបង្ហាញនូវរូបភាពបំពានលើបូរណៈភាពដីខ្មែរ ?
ស្របពេលមានការរិះគន់មកលើការងារមិនល្អប្រសើរចំពោះជាតិ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះដែរត្រូវបានលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋាន សិល្បៈភាពយន្ត និងវីដេអូ បានផ្តល់បទសម្ភាសជាមួយលោក តាន់ ចន្ថា និពន្ធនាយក វេបសាយ Lee News តាមទូរស័ព្ទលោកបានលើកឡើងថា រឿង«បុព្វេសន្និវាស វគ្គ២» នេះ មុននឹងឈានដល់ការអនុញ្ញាតិឱ្យចាក់បញ្ចាំងក្នុងរោងកុន ខាងនាយកដ្ឋានសិល្បៈភាពយន្តបានត្រួតពិនិត្យច្បាស់រួចរាល់ហើយ ដោយក្នុងសាច់រឿងពុំមានបង្ហាញឈុតឆាក ឬរូបភាពផែនទីដូចក្នុងរូបភាពដែលប្អូនខ្មែរបានឃើញឡើយ ហើយសម័យកាល គឺបានបញ្ជាក់ឡើងយ៉ាងច្បាស់គឺផលិតឡើងក្នុងសត្សវត្សរ៍ ទី១៨ មិនមែនដូចការបង្ហាញក្នុង ព.ស ២៥៦៥ ឡើយ ដូច្នេះហើយទើបខាងនាយកដ្ឋានអនុញ្ញាតឱ្យចាក់បញ្ចាំង។ លោកបន្តថា ប៉ុន្តែផ្ទុយពីការពិនិត្យសាច់រឿង ពេលប្រើ Trailer ផ្សព្វផ្សាយរឿង បែរជាមានលេចចេញរូបភាពផែនទីដូច្នេះទៅវិញ ដែលជាបញ្ហាធំមួយកំពុងធ្វើឱ្យមានការមិនសប្បាយចិត្តពីបងប្អូនខ្មែរ។
លោក ប៉ុក បូរក្ស បានបន្តដែរថា រឿងនេះខាងនាយកដ្ឋាន កំពុងស៊ើបអង្កេត រកកំហុសថា តើរូបភាពផ្សព្វផ្សាយ Trailer ផុសចេញពីខាងណា ពីភាគី ថៃ ឬ ក៏ខាងក្រុមហ៊ុនទិញសិទ្ធនាំចូល។ ជាមួយគ្នានោះនៅពេលលោក តាន់ ចន្ថា បានសួរបញ្ជាក់ថា បើសិនជា រកឃើញ ឬមិនឃើញកំហុស លើការបញ្ចេញរូបភាពផែនទី តើ នាយកដ្ឋាន នឹងចាត់ការរឿងរឿងមួយនេះដោយរៀបណា បិតចោលការចាក់បញ្ចាំង រឿង«បុព្វេសន្និវាស វគ្គ២» ឬនៅឱ្យបន្ត ព្រោះបញ្ហានេះកំពុងរីករាលដាល និងប៉ះពាល់អារម្មណ៍កូនខ្មែរគ្រប់ស្រទាប់។ សំណួរនេះមិនទាន់មានចម្លើយទេ ដោយលោក ប៉ុក បូរក្ស បានប្រាប់ថា ចាំក្រុមការងារស៊ើបឃើញសិនបាននិយាយកើត។
ការដែលភាពយន្ត ថៃខាងលើនេះ បានបង្ហាញរូបភាពផែនទី ហាក់លយចូលទឹកដីខ្មែរ ទោះជាក្នុងគោលបំណងអ្វីមួយ ដែលមិនទាន់បញ្ជាក់ច្បាស់ក្តី វាក៏ជាសញ្ញាដែលយើងមិនចាំឃើញដែរ ដូច្នេះហើយស្រទាប់យុវ័យខ្មែរ ដែលតែងគាំទ្រ និងលើកតំកើងភាពយន្តថៃយ៉ាងងប់ងល់នោះ គួរពិចារណាឡើងវិញ និងងាកមកសួរខ្លួនឯងថា ថៃគេឱ្យតម្លៃយើង ស្មើនឹងយើងឱ្យតម្លៃគេដែរអត់ ....៕
សូមបញ្ចេញមតិនៅទីនេះ