ស្ថានភាពជំងឺប្តីអ្នកនាង ខ្ញុង ទោះដឹងខ្លួនអាចនិយាយបាន តែកំពុងប្រឈមគ្រោះថ្នាក់ខ្លាំងបំផុត…
នៅរាត្រីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នេះ មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើប្តីអតីតតារាកំប្លែង CTN អ្នកនាង ខ្ញុង ខណៈកំពុង Live លក់ផលិតផល រៀបនឹងបញ្ចប់ការ Live ទៅហើយស្រាប់តែនាយ កៃដ បែរជាជួបបញ្ហាប្រកាច់ វៀចមាត់ រឹងផ្គាម បាត់ស្មារតី បញ្ឈរភ្នែកត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ហើយពេលនេះស្ថានភាពជំងឺលោក កៃដ ទោះជាបានធូរស្រាលអាចនិយាយបាន តែក៏មិនទាន់ឆ្លងផុតគ្រោះថ្នាក់ធំដែរ ខណៈក្រុមគ្រួពេទ្យថតឃើញមានដុំសាច់ដុះក្នុងខួរក្បាលផ្នែកខាងឆ្វេង ដែលតម្រូវធ្វើការវះកាត់ មិនអាចទុកយូរបានទេ ព្រោះប្រឈមគ្រោះថ្នាក់ខ្លាំង។
ជីវិតអ្នកនាង ខ្ងង់ ហាក់ជួបបញ្ហាមិនចេះចប់ តាំងពីជាប់ជំពាក់បំណុលរាប់ ម៉ឺនដុល្លារ ត្រូវ លក់ផ្អក លក់ត្រីងៀត លក់ផលិតផលផ្សេងៗដើម្បីជីវិត និងដោះស្រាយបំណុលគេ។ ពេលនេះអ្នកខ្ញុង ត្រូវរែកពន់បញ្ហាដ៏ធំមួយទៀតហើយ ដោយកាលពីយប់ថ្ងៃទី១១ សីហា ប្តីលោក កៃដ ធ្លាក់ខ្លួនមានជំងឺយ៉ាងធ្ងន់ធ្ងរ តម្រូវចាយលុយខ្ទង់រាប់ម៉ឺនដុល្លារ បើសិនជាជំងឺលោកត្រូវការវះកាត់ជាមន្ទាន់ ដូចសម្តីក្រុមគ្រួពេទ្យ។
ផ្ទល់បទសម្ភាសជាមួយ Lee News មុននេះបន្តិចអ្នកនាងខ្ញុង បានប្រាប់ ស្ថានភាពប្តីលោក កៃដ នៅពេលនេះ គ្រាន់តែបានដឹងខ្លួនមកវិញហើយ ប៉ុន្តែលោកមិនទាន់ផុតគ្រោះថ្នាក់ទេ ព្រោះក្រោយពីក្រុមគ្រួពេទ្យបន្ទីរពេទ្យកាលម៉ែត្រ ជួយសង្គ្រោះបន្ទាន់រួចមក ក៏បានចូលថតស្គែនក្បាល របស់គាត់បន្ថែម ហើយលទ្ធផលចេញមក គឺមានដុះសាច់ក្នុងខួរក្បាលផ្នែកខាងឆ្វេង។
អ្នកនាង ខ្ញុង បន្ថែមថា នៅព្រឹកនេះគ្រួពេទ្យតម្រូវឱ្យគាត់ចូលថតម្តងទៀត ដើម្បីពិនិត្យមើលថា តើសាច់ដុះនោះ កាចឬស្លូត ហើយបើតាមសម្តីគ្រួពេទ្យបើសិនរកឃើញថា សាច់នោះកាច គឺតម្រូវឱ្យធ្វើការវះកាត់ភ្លាមៗ មិនអាចទុកយូរបានទេ ព្រោះវាអាចរាលដាលកាន់តែខ្លាំង និងពិបាកជួយសង្គ្រោះណាស់ បើសិនជាទុកពេលទៅមុខបន្តទៀត ។
តារាកំប្លែងរូបនេះបន្តថា “ខ្ញុំកំពុងជួបការលំបាកខ្លាំងណាស់ក្នុងពេលនេះ ដូច្នេះហើយខ្ញុំរកគិតអីមិនយល់ទេ ព្រោះគ្រួពេទ្យបានប្រាប់ថា បើសិនជាមិនបានវះកាត់ទេ គាត់អាចប្រឈមអាការៈប្រកាច់ រឹងថ្គាម បញ្ឈរភ្នែក សន្លប់បន្តទៀត ហើយក៏កាន់តែញឹកញាប់ គឺអាចមួយខែ៤ទៅ៥ដងក៏មានដែរ ហើយគ្រារនោះបើសិនជាជួយសង្គ្រោះមិនទាន់ក៏អាចប្រឈមការបង់ជីវិតផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ