ច័ន្ទ , 15 សីហា 2022
ទីបំផុត! ស៊ូ យ៉ាទី គឺជាអ្នកចាំទីដំបូងគេឈ្នះ Man of the Match ក្រោយឆ្លងកាត់១៥សប្តាហ៍នៅលីគកំពូលកម្ពុជា
(បាល់ទាត់)៖ នៅទីបំផុត! អតីតអ្នកចាំទីដៃទី១ របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កីឡាករ ស៊ូ យ៉ាទី បានក្លាយជាអ្នកចាំទីដំបូងគេដែលបានឈ្នះ Man of the Match ក្រោយឆ្លងកាត់១៥សប្តាហ៍នៅលីគកំពូលកម្ពុជា ឆ្នាំ២០២២នេះ។
ឆ្លងកាត់១៤សប្តាហ៍មកនេះនៅលីគកំពូលកម្ពុជា គេសង្កេតឃើញថា ភាគច្រើនខ្សែប្រយុទ្ធ ខ្សែបម្រើ និងការពារ តែងតែឈ្នះ MOTM ដោយឡែកសប្តាហ៍ទី១៥ មានតែ ស៊ូ យ៉ាទី ១ប៉ុណ្ណោះ គឺជាអ្នកចាំទីដំបូងគេឈ្នះ MOTM ក្រោយបិទបឹងកេតមិនឲ្យស៊ុតបញ្ចូលទីសម្បី១គ្រាប់។
ជំនួបរវាងក្រុមបាល់ទាត់ណាហ្គាវើលដ៍ និងបឹងកេត យើងឃើញថា ជាជំនួបរវាង អតីតដៃទី១ជម្រើសជាតិកម្ពុជា ស៊ូ យ៉ាទី និង ដៃទី១ បច្ចុប្បន្ន ហ៊ុល គីមហ៊ុយ ហើយការប្រកួតបានបញ្ចប់ក្នុងលទ្ធផល ០-០។ យ៉ាងណាមិញ ស៊ូ យ៉ាទី បានជាប់ឈ្មោះជាកីឡាករល្អប្រចាំការប្រកួត បន្ទាប់ពីសង្រ្គោះបាល់យ៉ាងច្រើន ពីសំណាក់ក្រុមបឹងកេត។
មែនទែនទៅ ក្នុងចំណោមការប្រកួតសរុប ៦០លើកនៅលីគកំពូលកម្ពុជា ឬ Cambodian Premier League 2022 កីឡាករទទួលបានស្លាករង្វាន់ជាកីឡាករល្អជាងគេក្នុងការប្រកួត (Man of the Match) សរុបមានចំនួន ៣១នាក់ ក្នុងនោះខ្សែប្រយុទ្ធ Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ជាកីឡាករឈ្នះច្រើនជាងគេសរុបម្នាក់ ៥លើក។
ខណ:កីឡាករឈ្នះ MOTM ៤លើកមានដូចជា៖
– Lee Jae-gun របស់ក្លិបវិសាខា ឈ្នះនៅសប្តាហ៍ទី ២, ៦, ៨ និង ៩
– សុះ ស៊ូហាណា របស់ក្លិបណាហ្គាវើលដ៍ ឈ្នះនៅសប្តាហ៍ទី ២, ៦, ៨ និង ១០
– Gabriel Silva របស់ក្លិបអង្គរថាយហ្គឺរ ឈ្នះនៅសប្តាហ៍ទី ៣, ៧, ៩ និង ១៣
– Takumu Nishihara របស់ក្លិប Tiffy Army ឈ្នះនៅសប្តាហ៍ទី ៥, ៧, ៩ និង ១៣៕
សូមបញ្ចេញមតិនៅទីនេះ