អង្គារ , 16 សីហា 2022
ផេនខេក រឿងបំណុលនៅតែសង សម្រស់ក៏ត្រូវតែកែដើម្បីជីវិតស្រស់ស្រាយ
ភ្នំពេញ ៖ តារាកំប្លែងភេទទី ៣ ផេនខេក ចាប់ផ្តើមមានអារម្មណ៍ល្អ និងស្រស់ស្រាយឡើងវិញហើយ រហូតបានសម្រេចចិត្តទៅវះកាត់កែខ្ទង់ចម្រុះបន្ថែមទៀតដើម្បីយកហុងស៊ុយថ្មីសម្រាប់ជីវិត ។
តាំងពីមានរឿងរ៉ាវបែបបាក់ស្នេហ៍រួមជាមួយរឿងបំណុលជុំកោះ បានធ្វើឱ្យតារាភេទទី ៣ ផេនខេក គ្មានអារម្មណ៍ក្នុងខ្លួននោះទេនាងស្ទើរតែក្លាយទៅជាមនុស្សឆ្កួតទៅហើយ តែដោយសារបានមិត្តភក្តិស្និទ្ធស្នាលជាច្រើនជួយលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់នាង បានធ្វើឱ្យនាងតស៊ូរស់និងប្រឹងប្រែងធ្វើការដោះបំណុលគេ ។
ផេនខេក បានសងបំណុលគេអស់បណ្តើរៗហើយ ក្រោយពីទទួលបានការងារពីម្ចាស់ក្រុមហ៊ុន និងម្ចាស់ផលិតផលជាច្រើនដែលផ្តល់ឱកាសការងារសម្រាប់នាង នាងខំប្រឹងទាំងយប់ទាំងថ្ងៃមិនរុញរានោះទេដើម្បីបានប្រាក់ចំណូល និងទុកសងបំណុលគេ ។
ផេនខេក ចាប់ផ្តើមមានស្នាមញញឹមឡើងវិញហើយទៅកាន់មហាជន ជាក់ស្តែងរាល់ពេលចេញមុខនៅក្នុងកម្មវិធីកម្សាន្តនានា នាងបានធ្វើឱ្យគ្រប់គ្នាសើចសប្បាយ សូម្បីតែរូបនាងផ្ទាល់ក៏សប្បាយទៅតាមហ្នឹងដែរ ជីវិតនាងក៏ចាប់ផ្តើមប្រែប្រួលខុសពីមុនដែរ ។
ជាមួយនិងការប្រែប្រួលនេះ ផេនខេក ក៏បានទៅវះកាត់បន្ថែមខ្ទង់ច្រមុះថ្មីមួយដ៏ស្រស់ស្អាត និងទាក់ទាញ ផេនខេក បានប្រាប់ថា បំណុលក៏ត្រូវសង សម្រស់ក៏ត្រូវមើលថែ ដូច្នេះនាងត្រូវប្រឹងធ្វើការ ។
បន្ទាប់ពីធ្វើការវះកាត់កែខ្ទង់ច្រមុះឱ្យស្អាតជាងមុន មានបណ្តាក្រុមហ៊ុនជាច្រើនហៅ ផេនខេក ធ្វើការផ្សព្វផ្សាយផលិតផល និងថតស្ពតផ្សេងៗ ។ ក្រោយជួបស្នេហ៍មិនសមបំណងរួចមក ផេនខេក ហាក់ដូចជារាងចាលរឿងស្នេហា រហូតនាងពោលពាក្យថា មិនចង់បានស្នេហាថ្មីទេ នៅម្នាក់ឯងជីវិតមានសេរីភាព៕
សូមបញ្ចេញមតិនៅទីនេះ